ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយដែលហាមឃាត់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Software របស់ប្រទេសចិនចំនួន ៨ ដែលក្នុងនោះរួមមានទាំងក្រុមហ៊ុន Ant Group's Alipay ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់សេតវិមាន។ វិធានការនេះនឹងកាន់តែធ្វើឲ្យមានភាពតានតឹងបន្ថែមទៀតជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ។
បទបញ្ជានេះ ដែលត្រូវបានរាយការណ៍ដំបូងគេដោយទីភ្នាក់ងារព័ត៌មាន Reuters តម្រូវឲ្យក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកធ្វើការកំណត់ថាតើការធ្វើអាជីវកម្មណាមួយដែលនឹងត្រូវហាមឃាត់ និងមានគោលបំណងសំដៅលើក្រុមហ៊ុន QQ Wallet របស់ក្រុមហ៊ុន Tencent Holdings Ltd ក្រុមហ៊ុន WeChat Pay ក្រុមហ៊ុន CamScanner ក្រុមហ៊ុន SHAREit និងក្រុមហ៊ុនផ្សេងទៀត។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ចំណាត់ការនេះមានគោលបំណងទប់ស្កាត់ការគំរាមកំហែងចំពោះពលរដ្ឋអាមេរិកាំង ដែលបង្កឡើងដោយកម្មវិធី software របស់ចិន ដែលអាចមានលទ្ធភាពទទួលបានទិន្នន័យរបស់អ្នកប្រើប្រាស់។
បទបញ្ជានេះបានបញ្ចាក់ថា សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងក្រុមហ៊ុនទាំងនេះ «ដើម្បីការពារសន្តិសុខជាតិរបស់យើង»។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បានបញ្ជាក់នៅថ្ងៃពុធនេះថា ប្រទេសចិននឹងចាត់វិធានការចាំបាច់នានាដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនទាំងនេះ៕