លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលលោកបានប្រកាសថា មានការចន្លោះប្រហោងយ៉ាងខ្លាំងដែលមានបទបញ្ញត្តិខ្លះមិនស្របទៅតាមរដ្ឋធម្មនុញ្ញ។
សេចក្តីព្រាងច្បាប់ដោយមានការដាក់ទណ្ឌកម្មសំដៅដល់រដ្ឋាភិបាលក្រុងម៉ូស្គូចំពោះការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំទៅ ដែលជាការដាក់ទណ្ឌកម្មថ្មីៗបំផុតទៅលើប្រទេសរុស្ស៊ី អ៊ីរ៉ង់និងប្រទេសកូរ៉េខាងជើង។ សេចក្តីព្រាងច្បាប់នោះក៏កម្រិតអំណាចរបស់ប្រធានាធិបតីដើម្បីលប់ចោលការដាក់ទណ្ឌកម្មនេះដែរ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកត្រាំមានប្រសាសន៍នៅក្នុងសេចក្តីថ្លែង ការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយសេតវិមានថា «ដោយការកំណត់ពីភាពបត់បែននៃបទបញ្ជាប្រធានាធិបតី សេចក្តីព្រាងច្បាប់នេះធ្វើឲ្យ មានការពិបាកកាន់តែខ្លាំងឡើងសម្រាប់សហរដ្ឋអាមេរិកដើម្បីធ្វើកិច្ចព្រមព្រៀងល្អសម្រាប់ប្រជាពលរដ្ឋអាមេរិកាំង ហើយនឹងជំរុញឲ្យប្រទេសចិន រុស្ស៊ីនិងប្រទេសកូរ៉េខាងជើងខិតចូលជិតគ្នាកាន់តែខ្លាំងឡើង»។
លោកប្រធានាធិបតីត្រាំមានប្រសាសន៍ទៀតថា «ទោះបីសេចក្តីព្រាងច្បាប់នោះមានបញ្ហាក៏ដោយ ខ្ញុំចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះដើម្បីប្រយោជន៍នៃការឯកភាពជាតិ។ពីព្រោះតែសេចក្តីព្រាងច្បាប់នោះត្រូវបានដាក់ស្នើឡើង ខ្ញុំសូមសំដែងនូវការព្រួយកង្វល់របស់ខ្ញុំចំពោះសភាអំពីភាពចន្លោះប្រហោងជាច្រើននៃសេចក្តីព្រាងច្បាប់លើអំណាចរបស់ប្រធានាធិបតី ការគ្មានប្រៀបរបស់ក្រុមហ៊ុនអាមេរិកាំងនិងការប៉ះពាល់លើផលប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់យើងនៅតំបន់អឺរ៉ុប។
សេចក្តីព្រាងច្បាប់នេះបានទទួលការអនុម័តដោយសំឡេងភាគច្រើននៅក្នុងសភាទាំង២ ដែលនឹងអនុញ្ញាតឲ្យសមាជិកសភាមានជ័យជម្នះយ៉ាងស្រួលលើការបោះឆ្នោតវ៉េតូប្រធានាធិបតីលើសេចក្តីព្រាងច្បាប់៕