មុនពេលថ្លែងសុន្ទរកថាពន្យល់អំពីគោលនយោបាយអន្តោប្រវេសន៍របស់លោកនៅថ្ងៃពុធនេះ លោក Donald Trump បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋបានធ្វើដំណើរទៅកាន់ប្រទេសម៉ិចស៊ិក ដើម្បីពិភាក្សាជាមួយប្រធានាធិបតីម៉ិចស៊ិកលោក Enrique Pena Nieto។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump កន្លងមក លោកបាននិយាយម្ដងហើយម្ដងទៀតអំពីសំណើសាងសង់ជញ្ជាំងនៅព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិកដោយឲ្យរដ្ឋាភិបាលម៉ិចស៊ិកជាអ្នកចេញថ្លៃសាងសង់។ លោក Nieto បាននិយាយថា រឿងនេះគ្មានផ្លូវនឹងកើតឡើងទេ។
ការិយាល័យរបស់លោកប្រធានាធិបតីម៉ិចស៊ិកបានឲ្យដឹងថា លោក Nieto បានអញ្ជើញលោក Donald Trump និងលោកស្រី Hillary Clinton ឲ្យមកពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Nieto បន្ថែមថា លោកជឿជាក់លើកិច្ចពិភាក្សាគ្នា ដើម្បីជួយគាំទ្រដល់ផលប្រយោជន៍របស់ប្រទេសម៉ិចស៊ិកនិងជាចម្បងជាងនេះទៀតនោះ គឺដើម្បីការពារជនជាតិម៉ិចស៊ិកទាំងអស់ មិនថាពួកគេរស់នៅទីណានោះទេ។
\មិនទាន់មានការឆ្លើយតបណាមួយពីយុទ្ធនាការរបស់លោកស្រី Clinton នោះទេ ទាក់ទិននឹងការអញ្ជើញរបស់ប្រធានាធិបតីម៉ិចស៊ិកលើកនេះ។ ប៉ុន្តែប្រធានទំនាក់ទំនងរបស់យុទ្ធនាការលោកស្រី Clinton អ្នកស្រី Jennifer Palmieri បានចេញនូវសេចក្ដីប្រកាសមួយរិះគន់ការថ្លែងរបស់លោក Trump អំពីប្រទេសម៉ិចស៊ិក រួមទាំងការថ្លែងកាលពីឆ្នាំមុន ដែលលោក Trumpនិយាយថា ប្រទេសម៉ិចស៊ិក បានបញ្ជូនឧក្រិដ្ឋជនចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកទៀតផង៕