លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានថ្លែងថា លោកកំពុងតែដកខ្លួនចេញពីអាណាចក្រពាណិជ្ជកម្មសាកលដើម្បីជៀសវាងទំនាស់ផលប្រយោជន៍ក្នុងការដឹកនាំប្រទេស នៅពេលដែលលោកចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ខាងមុខនេះ។
លោក Trump ដែលនឹងក្លាយទៅជាប្រធានាធិបតីដែលមានបំផុតរបស់សហរដ្ឋអាមេរិក បានសរសេរនៅលើទំព័រ Twitter របស់លោក កាលពីថ្ងៃពុធថា លោកនឹងបោះបង់ចោលការគ្រប់គ្រងសណ្ឋាគារ កន្លែងវាយកូនហ្គោល រមណីដ្ឋាន ផលិតផលម៉ាកល្បីៗ អាគារការិយាល័យនិងអាគារស្នាក់នៅដែលមានតម្លៃប្រមាណរាប់ពាន់លានដុល្លាររបស់លោក ដែលមានទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅបណ្តាប្រទេស១៨ផ្សេងទៀតផងដែរ។
តាមច្បាប់របស់សហរដ្ឋអាមេរិក លោក Trump មិនតម្រូវឲ្យលះបង់សិទ្ធិក្នុងការកាន់កាប់ក្រុមហ៊ុនរបស់លោកនោះទេ ប៉ុន្តែលោកបានថ្លែងថា លោកមានអារម្មណ៍ថា ក្នុងនាមជាប្រធានាធិបតី វាមានសារៈសំខាន់ក្នុងការជៀសវាងទំនាស់ផលប្រយោជន៍ជាមួយនឹងពាណិជ្ជកម្មជាច្រើនរបស់លោក។
លោកបានថ្លែងថា៖ «តំណែងប្រធានាធិបតីមានសារៈសំខាន់ជាងឆ្ងាយណាស់»៕