ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងនៅរសៀលថ្ងៃច័ន្ទថា លោកនឹងចេញពីមន្ទីរពេទ្យយោធា Walter Reed ទីដែលលោកបានសម្រាកព្យាបាលជំងឺកូវីដ១៩ ហើយនឹងបន្តតាមដានអាការៈជំងឺរបស់លោកនៅសេតវិមាន។ លោកបានថ្លែងបន្ថែមថា លោកមានអារម្មណ៍ស្រួលក្នុងខ្លួន។ ខណៈពេលដែលលោកកំពុងបន្ដធូរស្បើយពីជំងឺនេះ លោកថា សហរដ្ឋអាមេរិកមិនគួរខ្លាចជំងឺកូវីដ១៩ នេះទេ។ ជំងឺកូវីដ១៩ នេះបានឆក់យកជីវិតមនុស្សអស់ប្រមាណជាង ២ សែន ៩ ពាន់នាក់ នៅសហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិតរបស់ប្រធានាធិបតីគឺលោក Sean Conley បានថ្លែងថា លោកប្រធានាធិបតី Trump បានទទួលការព្យាបាលយ៉ាងដិតដល់ជាទីបំផុត ហើយស្តង់ដារនៃការព្យាបាលដែលលោកទទួលបាន គឺមានលក្ខណៈពិសេសជាងស្តង់ដារព្យាបាលដែលពលរដ្ឋអាមេរិកាំងទូទៅទទួលបាន។
លោកវេជ្ជបណ្ឌិត Sean Conley បានបន្ថែមថា លោកប្រធានាធិបតី Trump មិនទាន់ជាសះស្បើយទាំងស្រុងពីជំងឺនេះនៅឡើយទេរហូតដល់រយៈពេល ១ សប្តាហ៍ទៀត ប៉ុន្តែលោកវេជ្ជបណ្ឌិតថា លោក Trump «ស្ថិតក្នុងស្ថានភាពសុខភាពដែលអាចត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបាន»។
សម្រាប់លោកប្រធានាធិបតីខ្លួនឯងផ្ទាល់ លោកក៏មានការទុកចិត្តខ្លាំងលើសុខភាពលោកផងដែរ។ លោកបានថ្លែងនៅតាមសារដែលបង្ហោះតាមបណ្តាញសង្គម Twitter ថា៖ «ខ្ញុំនឹងចេញពីមន្ទីរពេទ្យយោធា Walter Reed ដ៏អស្ចារ្យនៅវេលាម៉ោង ៦:៣០នាទីល្ងាចនេះ [ម៉ោងក្នុងសហរដ្ឋអាមេរិក] ដោយមានអារម្មណ៍ធូរស្បើយច្រើន! កុំភ័យខ្លាចនឹងជំងឺកូវីដ១៩! កុំឲ្យជំងឺនេះធ្វើឲ្យអ្នកភិតភ័យឲ្យសោះ … ខ្ញុំមានអារម្មណ៍ថាស្រួលខ្លួនជាងកាលពីពេល ២០ ឆ្នាំមុនទៅទៀត!»
លោកវេជ្ជបណ្ឌិត Conley ក៏បានថ្លែងពីស្ថានភាពល្អប្រសើរនៃសុខភាពរបស់លោកប្រធានាធិបតីផងដែរ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសុខភាពប្រធានាធិបតី កាលពីរសៀលថ្ងៃច័ន្ទនេះ ហើយថា លោកប្រធានាធិបតីអាចនឹងបន្តបំពេញភារកិច្ចរបស់លោកតាមកាលវិភាគដូចធម្មតា ដរាបណា «មិនមានរោគសញ្ញាបង្ហាញថា វីរុសនេះនៅធ្វើទុក្ខក្នុងខ្លួនលោក»។
យោងតាមមជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) អ្នកដែលមានរោគសញ្ញាតិចតួចរហូតដល់រោគសញ្ញាមធ្យមនៃជំងឺកូវីដ ១៩ អាចចម្លងជំងឺនេះដល់មនុស្សដទៃក្នុងរយៈពេល ១០ ថ្ងៃ ហើយអ្នកជំងឺក្នុងអាការៈបែបនេះ គួរនៅដាច់ដោយឡែកតែឯងរយៈពេលយ៉ាងហោចណាស់ ១០ថ្ងៃ៕