ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​និង​ពន្ធគយ​លើ​រុស្ស៊ី


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​មួយ​នៅ​ក្នុង​ការិយាល័យ Oval Office នៃ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៧ ខែ​មីនា ឆ្នាំ២០២៥។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​មួយ​នៅ​ក្នុង​ការិយាល័យ Oval Office នៃ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៧ ខែ​មីនា ឆ្នាំ២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​លោក​កំពុង «ពិចារណា​ខ្លាំងក្លា» លើ​ការ​ដាក់​ទណ្ឌកម្ម​និង​ពន្ធគយ​លើ​រុស្ស៊ី​រហូត​ទាល់តែ​ដល់​ពេល​ដែល​បទឈប់បាញ់​និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ត្រូវបាន​សម្រេច​ឡើង​ជាមួយ​នឹង​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Trump ក៏​បាន​ផ្អាក​ជំនួយ​យោធា​និង​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​ដល់​អ៊ុយក្រែន​ផងដែរ​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ុយក្រែន​ឲ្យ​ទទួល​យក​កិច្ច​ព្រមព្រៀង​បទឈប់បាញ់ បន្ទាប់ពី​មាន​ការ​ជជែក​គ្នា​តឹង​សរសៃក​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy កាលពី​មួយ​សប្ដាហ៍​មុន​មក។

លោក Trump បាន​និយាយ​ថា៖ «ផ្អែក​លើ​ការពិត​ដែល​ថា​រុស្ស៊ី​វាយ​ប្រហារ​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​នៅ​សមរភូមិ​នៅ​ពេល​ឥឡូវ​នេះ ខ្ញុំ​កំពុង​ពិចារណា​ខ្លាំងក្លា​លើ​ការ​ដាក់​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​ធនាគារ​និង​ពន្ធគយ​លើ​រុស្ស៊ី​រហូត​ទាល់តែ​បទឈប់បាញ់​និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ចុងក្រោយ​សម្រេច​បាន។ សម្រាប់​រុស្ស៊ី​និង​អ៊ុយក្រែន ត្រូវតែ​ចូល​តុ​ចរចា​ឥឡូវ​នេះ​មុន​ពេល​វា​យឺត​ពេល​ពេក។ អរគុណ!!!»។

លោក Trump បាន​ប្រឈម​នឹង​ការ​រិះគន់​សម្រាប់​ការ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​លើកឡើង​របស់​លោក​កាលពី​ខែ​មុន​ដែល​ថា​អ៊ុយក្រែន មិន​មែន​រុស្ស៊ី​ទេ ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ចាប់ផ្ដើម​សង្គ្រាម។

ការ​គំរាម​របស់​លោក Trump ក្នុង​ការ​ដាក់​ទណ្ឌកម្ម​និង​ពន្ធគយ​លើ​រុស្ស៊ី​នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា​សេតវិមាន​បាន​រៀបចំ​ផែនការ​ក្នុង​ការ​ដែល​អាច​មាន​លទ្ធភាព​លើកលែង​ទណ្ឌកម្ម​ចំពោះ​រុស្ស៊ី​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់​រដ្ឋបាល​លោក Trump ក្នុង​ការ​បញ្ចប់​សង្គ្រាម​និង​លើកកម្ពស់​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​ជាមួយ​នឹង​រុស្ស៊ី៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG