ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump៖ ប្រសិនបើ​លោកស្រី Clinton ឈ្នះ វិបត្តិ​រដ្ឋធម្មនុញ្ញ​នឹង​កើត​ឡើង


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ Donald Trump ថ្លែងក្នុង​យុទ្ធនាការឃោសនា​មួយ​កាល​ពី​ថ្ងៃទី​​០៥ វិច្ឆិកា ២០១៦ នៅ​ទីក្រុង​ Denver។
បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ Donald Trump ថ្លែងក្នុង​យុទ្ធនាការឃោសនា​មួយ​កាល​ពី​ថ្ងៃទី​​០៥ វិច្ឆិកា ២០១៦ នៅ​ទីក្រុង​ Denver។

ដោយ​នៅ​សល់​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ​ទី ៨ ខែ​វិច្ឆិកា​នេះ បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​កំពុង​ចំណាយ​ពេលវេលា​ដែល​នៅ​សេសសល់​របស់​ពួកគេ​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​អំពី​បញ្ហា​អាក្រក់ៗ​នានា​ដែល​សហរដ្ឋ​អាមេរិក​នឹង​ជួប​ប្រទះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី Hillary Clinton ដែល​ជា​គូ​ប្រជែង​របស់​លោក។ ចំណែក​ឯ​លោកស្រី Clinton វិញ បាន​ប្រាប់​អ្នក​បោះ​ឆ្នោត​ថា ពលរដ្ឋ​អាមេរិកាំង​នឹង​ខ្លាំងក្លា​ទាំង​អស់​គ្នា។

លោក Trump បាន​និយាយ​នៅ​ក្នុង​ទីក្រុង Reno រដ្ឋ Nevada ថា៖ «ប្រសិនបើ​លោកស្រី Clinton នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ វិបត្តិ​រដ្ឋធម្មនុញ្ញ​ដែល​មិន​ដែល​មាន​ពី​មុន​មក​នឹង​កើត​ឡើង​ជាក់​ជា​មិន​ខាន។ នៅ​ក្នុង​ស្ថានការណ៍​ហ្នឹង យើង​នឹង​មាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាន់​តំណែង ដែល​ជាប់​ចោទ​ពី​បទឧក្រិដ្ឋ និង​ការ​កាត់​ទោស​ប្រធានាធិបតី​ពី​បទឧក្រិដ្ឋ​នោះ។ ហើយ​ជា​ការ​ពិត​ណាស់ វា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គាំង​ស្ទះ ដែល​នេះ​ជា​អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Barack Obama»។

លោក Trump លើក​ឡើង​យ៉ាង​ដូច្នេះ​ចង់​សំដៅ​ទៅ​លើ​រឿង​អ៊ីម៉ែល​របស់​លោកស្រី Clinton។

លោក Trump កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​រដ្ឋ North Carolina រដ្ឋ Florida រដ្ឋColorado និង​រដ្ឋ Nevada។ គណៈកម្មការ​យុទ្ធនាការ​របស់​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​នឹង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Minnesota ដែល​ជា​រដ្ឋ​ កន្លង​មក ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។

ចំណែក​ឯ​លោកស្រី Clinton វិញ លោកស្រី​បាន​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ Florida កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ ដែល​រដ្ឋ​នេះ ជា​រដ្ឋ​សំខាន់​មួយ​កន្លង​មក​ក្នុង​ការ​សម្រេច​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG