ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាណាដា ម៉ិកស៊ិក ​និង​ចិន​និយាយ​ថា​ពួកគេ នឹង​សង​សឹក​លើ​​​ការយក​ពន្ធគយ​របស់​លោក​ Trump


នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចេញពីប្រទេសកាណាដានៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅលើវិមានសភាក្នុងទីក្រុង Ottawa ។
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចេញពីប្រទេសកាណាដានៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅលើវិមានសភាក្នុងទីក្រុង Ottawa ។

ប្រទេស​កាណាដា ម៉ិកស៊ិក​និង​ចិន​បាន​និយាយកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញថា​ពួកគេ នឹង​ដាក់​ពន្ធគយ​ជា​ការសងសឹក​វិញ​លើ​ទំនិញ​នាំចូល​របស់​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដាក់​ពន្ធគយ​ថ្មី​លើ​ការនាំចេញ​ទំនិញ​របស់​ពួកគេ​ទៅកាន់​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​យក​ពន្ធគយ​ថ្មី​ចំនួន២៥ភាគរយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​លើ​ការនាំចេញ​ទំនិញ​មកពី​ដៃគូ​ពាណិជ្ជកម្ម​ធំៗ២គឺ​ប្រទេស​ម៉ិកស៊ិក​និង​កាណាដា និង​បង្កើន​ទ្វេ​ដងនៃ​ពន្ធគយ​កាលពី​ដំបូង​ដែល​ត្រឹមតែ​១០ភាគរយ​លើការនាំចូល​ទំនិញ​ចិន​ទៅ​ដល់​២០​ភាគរយ។

លោក​ប្រធានាធិបតី Trump បាន​ដាក់​ពន្ធគយ​ថ្មី​លើ​ប្រទេស​ម៉ិកស៊ិក​និង​កាណាដា ដែល​ជា​ប្រទេស​ជិត​ខាង​ជិតស្និទ្ធ​បំផុត​របស់​ខ្លួន ទោះជា​បន្ទាប់ពីពួកគេ​បាន​និយាយ​ថា​ពួកគេ​បាន​ទប់ស្កាត់​ជន​ចំណាកស្រុក​ខុសច្បាប់​និង​លំហូ​ថ្នាំ​ញៀន​ខុសច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ដូចដែល​លោក​ប្រធានាធិបតី Trump បាន​ទាមទារ​ក្តី។​

សន្ទស្សន៍​ភាគហ៊ុន​សំខាន់ៗ​ចំនួន៣​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់ពី​ការ​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​របស់​លោក​ប្រធានាធិបតី Trump ហើយ​សន្ទស្សន៍​ភាគហ៊ុន​នីមួយៗ​បាន​ធ្លាក់​ប្រហែល​២ភាគរយ​ពិន្ទុ​នៅ​ពេល​ចាប់​ផ្តើម​ការលក់ដូរ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា​ពន្ធគយ​នេះ​អាច​ធ្វើ​ឱ្យ​មាន​ការឈឺចាប់​ខាង​សេដ្ឋកិច្ច​បណ្តោះ​អាសន្ន​សម្រាប់​ពួក​អ្នក​ប្រើប្រាស់​ទំនិញ​និង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ដោយ​តម្លៃកាន់តែ​ខ្ពស់​ឡើង​លើ​ទំនិញ​នាំចូល​មកពី​ប្រទេស​ទាំង៣។ លោក​ប្រធានាធិបតី​និយាយ​ទៀត​ថា​ក៏ប៉ុន្តែ ក្នុង​រយៈពេល​យូរ​ទៅមុខ​ វា​នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ទាំង៣រើ​ការផលិត​ទៅកាន់​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចៀស​ការ​យក​ពន្ធគយ។

នាយក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​និយាយ​ថាប្រទេស​របស់​លោក នឹង​ធ្វើការ​សងសឹកប្រឆាំង​នឹង​ការ​យក​ពន្ធខ្ពស់​របស់​លោក Trump ហើយ«នឹង​មិន​អនុញ្ញាតឱ្យ​ការសម្រេច​ដោយ​អយុត្តិធម៌​នេះ​ទៅ​ដោយ​គ្មានចម្លើយ​នោះ​ទេ»។ លោក​បាន​និយាយ​ទៀត​ថា​កាណាដា នឹង​ដាក់​ពន្ធគយ​ចំនួន​២៥ភាគរយ​លើ​ទំនិញ​សហរដ្ឋ​អាមេរិក​ដែល​មាន​តម្លៃ១០៧ពាន់​លាន​ដុល្លារ។

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​អ្នក​ស្រី Claudia Sheinbaum បាន​និយាយ​ថាអ្នក​ស្រី​ នឹង​ដាក់​ពន្ធគយ​ជា​ការ​សងសឹក​លើ​ទំនិញ​សហរដ្ឋ​អាមេរិក​ហើយ​បាន​ប្រកាសផលិតផល​ដែលខ្លួន​នឹង​ដៅ​លើ​នោះ​នៅ​ថ្ងៃ​អាទិត្យ​នៅ​ឯ​ពិធី​មួយ​នៅ​ទីលាន Central Plaza នៅ​រដ្ឋ​ធានី Mexico City៕

XS
SM
MD
LG