ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រារព្ធទិវាឯករាជ្យជាតិ ដោយចាប់ផ្ដើមព្រឹត្តិការណ៍ដែលមានឈ្មោះថា «ការគោរពចំពោះសហរដ្ឋអាមេរិក» កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ នៅបរិវេណសេតវិមាន។
នៅក្នុងឱកាសនោះ លោកបានថ្លែងសុន្ទរកថាវាយប្រហារលើ «ក្រុមមនុស្សមានកំហឹង» ស្របពេលដែលលោកលើកឡើងម្ដងទៀតនូវពាក្យពេចន៍ និងគោលគំនិតនៃសុន្ទរកថារបស់លោកដែលបានថ្លែងកាលពីយប់ថ្ងៃសុក្រនៅរមណីយដ្ឋាន Mount Rushmore នៃរដ្ឋ South Dakota។
លោក Trump និយាយដូច្នេះថា៖ «ឥឡូវនេះ យើងស្ថិតក្នុងដំណាក់កាលនៃការយកឈ្នះលើពួកឆ្វេងនិយមជ្រុល ពួកអនាធិបតេយ្យ ពួកបង្កចលាចល ពួកលួចប្លន់ និងពួកដែលមិនដឹងខ្យល់ទាល់តែសោះថាពួកគេកំពុងធ្វើអ្វីនោះ។ យើងនឹងមិនអនុញ្ញាតជាដាច់ខាតឲ្យក្រុមមនុស្សដែលពោរពេញដោយកំហឹងទាំងនេះកម្ទេចចោលនូវរូបសំណាកនានារបស់សហរដ្ឋអាមេរិក លុបចោលនូវប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក និងបញ្ចូលមនោគមវិជ្ជាដល់កូនចៅរបស់យើងនោះឡើយ»។
លោកបានបន្ថែមថា៖ «យើងនឹងការពារ គាំពារ និងរក្សានូវបែបបទរស់នៅរបស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្ដើមតាំងពីពេលដែលលោក Columbus បានរុករកឃើញដែនដីសហរដ្ឋអាមេរិកនេះដំបូងនៅក្នុងឆ្នាំ ១៤៩២»។
កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលមិនទាន់ទទួលបានការតែងតាំងផ្លូវការនៅឡើយ និងដែលជាគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ បានប្រើពាក្យពេចន៍ផ្សេងពីលោក Trump។
លោក Biden បានសរសេរនៅលើ Twitter ថា៖ «ប្រទេសជាតិរបស់យើងត្រូវបានបង្កើតឡើងក្រោមគោលគំនិតសាមញ្ញមួយ ដែលនោះគឺ មនុស្សគ្រប់គ្នាមានសិទ្ធិស្មើគ្នា។ យើងមិនដែលគោរពតាមគោលគំនិតនេះទេ ប៉ុន្តែយើងក៏មិនដែលឈប់ព្យាយាមនោះដែរ។ ទិវាឯករាជ្យជាតិលើកនេះមិនត្រឹមតែជាពេលដែលយើងត្រូវប្រារព្ធនូវគោលគំនិតនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពេលដែលយើងត្រូវប្ដេជ្ញាគោរពឲ្យបានពេញលេញនូវគោលគំនិតទាំងនេះផងដែរ»។
កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ អ្នកទស្សនាជាច្រើនបានធ្វើដំណើរមកកាន់ទីលាន National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីប្រារព្ធទិវាឯករាជ្យជាតិថ្ងៃ ៤ កក្កដា។ ទិវានេះមានការបង្ហាញការបាញ់កាំជ្រួចទ្រង់ទ្រាយធំ ទោះបីជាមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ៕