ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក​មិន​ដឹង​អំពី​​សេចក្ដី​រាយការណ៍​ដែល​ថា​រុស្ស៊ី​ផ្ដល់​រង្វាន់​ដល់​ពួក​តាលីបង់​ឲ្យ​សម្លាប់​ទាហាន​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​ចេញ​ដំណើរ​ពី​សេតវិមាន កាល​ពី​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ​២០២០។ (AP Photo/Alex Brandon)
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​ចេញ​ដំណើរ​ពី​សេតវិមាន កាល​ពី​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ​២០២០។ (AP Photo/Alex Brandon)

ស្រប​ពេល​សមាជិក​សភា​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា មិន​មាន​នរណា​ម្នាក់​ប្រាប់​លោក​អំពី​សេចក្ដី​រាយការណ៍​ដែល​ថា ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​យោធា​រុស្ស៊ី​បាន​ផ្ដល់​រង្វាន់​ដល់​ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឲ្យ​សម្លាប់​ទាហាន​អាមេរិកាំង​នោះ​ទេ ដោយសារ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​មិន​ចាត់ទុក​សេចក្ដី​រាយការណ៍​ទាំង​នោះ​ថា​អាច​ទុក​ចិត្ត​បាន។

លោក Trump បាន​និយាយ​ថា៖ «ក្រុម​ស៊ើបការណ៍​សម្ងាត់​ទើបតែ​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​ថា ពួកគេ​មិន​គិត​ថា ព័ត៌មាន​នេះ​អាច​ជឿ​ទុកចិត្ត​បាន​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មិន​រាយការណ៍​អំពី​រឿង​នេះ​ប្រាប់​ខ្ញុំ ឬ​ក៏​ប្រាប់​លោក​អនុ​ប្រធានាធិបតី»។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Lindsey Graham បាន​និយាយ​ថា លោក​រំពឹង​ថា រដ្ឋបាល​របស់​លោក Trump នឹង «ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ហ្មត់ចត់​លើ​ព័ត៌មាន​ទាំង​នេះ»។

លោក Graham បាន​សរសេរ​នៅ​លើ Twitter កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ «សភា​នឹង​ស្វែង​រក​មូលហេតុ​នៃ​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ថា ក្រុម​យោធា​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ស្នើ​ផ្ដល់​ប្រាក់​ដល់​ពួក​តាលីបង់​ឲ្យ​សម្លាប់​ទាហាន​អាមេរិកាំង ក្នុង​គោល​បំណង​រុញច្រាន​សហរដ្ឋ​អាមេរិក​ឲ្យ​ចេញ​ពី​តំបន់»។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Kirsten Gillibrand បាន​ទាមទារ​ឲ្យ​សភា​ស៊ើប​អង្កេត​លើ​ទំហំ​នៃ​កម្មវិធី​ផ្ដល់​រង្វាន់​របស់​រុស្ស៊ី​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ដែល​ទទួល​បាន​រង្វាន់​នេះ ទឹក​ប្រាក់​ដែល​ពាក់ព័ន្ធ និង​កំណត់​រក​ថា​តើ​មាន​ទាហាន​អាមេរិកាំង​ណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយសារ​រឿង​នេះ​ឬ​ទេ។ អ្នកស្រី​ក៏​ចង់​ដឹង​ផង​ដែរ​ថា​តើ​លោក Trump និង​មន្ត្រី​រដ្ឋបាល​ផ្សេង​ទៀត​របស់​លោក បាន​ដឹង​អំពី​រឿង​នេះ​នៅ​ពេល​ណា ក៏​ដូចជា​ថា​តើ​មាន​សមាជិក​សភា​ណា​ម្នាក់​បាន​ដឹង​អំពី​រឿង​នេះ​ឬ​ក៏​អត់៕

XS
SM
MD
LG