ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ដូណាល់ ត្រាំ៖ ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​នៅ​ប្រទេស​សិង្ហបុរី


ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក Kim Yong Chol មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាងជើង ក្រោយ​ជំនួប​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​១ ខែ​មិថុនា ២០១៨។
ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក Kim Yong Chol មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាងជើង ក្រោយ​ជំនួប​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​១ ខែ​មិថុនា ២០១៨។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​ នៅ​ថ្ងៃ​ទី១២ ​ខែ​មិថុនា ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ចំពោះ​អ្វី​ដែល​ប្រធានាធិបតី​បាន​ពណ៌​នា​ថា​ ជា​ការ​ចាប់​ផ្តើម​នៃ​ដំណើរ​ការ​នោះ។​

លោក​ប្រធានា​ធិបតី​បាន​ធ្វើ​ការ​ប្រកាស​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​សួន​ច្បារ​ខាង​ត្បូ​សេតវិមានបន្ទាប់​ពី​មាន​ជំនួប​យ៉ាង​យូរ​នៅ​ការិ​យាល័យ​រាង​ពង​ក្រពើ​នៅ​សេតវិមាន​ជាមួយ​លោក Kim Yong Chol ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត​របស់​កូរ៉េខាង​ជើង​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​នេះ។

លោក​ Kim Yong Chol​ បាន​ប្រគល់​លិខិត​ដោយ​ផ្ទាល់​ដៃ​មួយ​ច្បាប់​មក​ពី​មេដឹក​នាំ​កូរ៉េខាង​ជើង ​គីមជុង​អ៊ុន ជូន​ប្រធានា​ធិបតី​ ត្រាំ ​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​នោះ​ដែល​មាន​ការ​ចូល​រួម​ពី​លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ​Mike Pompeo ផង​ដែរ។

​លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​ បាន​ពណ៌​នា​លិខិត​នោះ​ថា​«មាន​សារៈ​សំខាន់‍»​ហើយ​បាន​និយាយដោយ​មិន​បរិយា​យលម្អិត​ពី​ខ្លឹម​សារ​របស់​លិខិត​នោះ​ដែល​អាច​ត្រូវ​ចេញ​ផ្សាយ​ជាសាធារណៈ​នៅ​ពេល​ឆាប់​ៗ​នេះ។

​ពេល​សួរ​ឲ្យ​និយាយ​ពី​ជំនួប​នោះ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយថា​ វា​ជា​ការ​ធ្វើ​ឲ្យ​លោក ​អ្នក​យល់​ដឹង​ពី​ស្ថានការណ៍​ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ជំនួប​កំពូល​នៅ​ថ្ងៃ​ទី១២ ​ខែ​មិថុនា​នេះ​ ហើយ​ប្រហែល​មាន​ជំនួប​មួយ​ទៀត​ជាមួយ​ គីម ​ជុងអ៊ុន។​លោក​ប្រធានា​ធិបតី​ត្រាំ​និយាយ​បន្ត​ទៀត​ថា «ខ្ញុំ​គិត​ថា វា​នឹង​ក្លាយ​ជា​ដំណើរ​ការ​មួយ ក៏ប៉ុន្តែ ​ទំនាក់​ទំនង​កំពុង​ចាប់​ផ្តើម​ឡើង​ហើយ‍»។

សេតវិមានបាន​ប្រាប់​ឲ្យ​ដឹងថា ​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​ត្រូវ​គេ​រំពឹង​នឹង​មាន​រយៈ​ពេល​ប្រហែល​៥​នាទី​ ក៏​ប៉ុន្តែ ​ជំនួប​នោះ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង។

នៅពេល​មក​ដល់​សេតវិមាន ​លោក Kim Yong Chol ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ជាប់​ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​អាមេរិកាំង​បាន​ត្រូវ​គេ​អម​ដំណើរ​ទៅ​កាន់​ការិយាល័យ​នៅ​សេតវិមាន​របស់​លោក​ John Kelly​ នាយ​ខុទ្ធការល័យ​របស់​សេតវិមាន​ និង​លោក​ John Bolton​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG