ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបានថ្លែងសុន្ទរកថាប្រចាំឆ្នាំលើកទីបីអំពីការកាន់តំណែងជាប្រធានាធិបតីរបស់លោកកាលពីថ្ងៃអង្គារ ប៉ុន្មានម៉ោងមុនពេលដែលការជំនុំជម្រះដោយព្រឹទ្ធសភាដើម្បីសម្រេចអំពីការដកលោកចេញពីតំណែងបិទបញ្ចប់។
គេរំពឹងថា ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលមានសមាជិកភាគច្រើនមកពីគណបក្សសាធារណរដ្ឋនឹងបោះឆ្នោតឲ្យលោករួចខ្លួនពីការចោទប្រកាន់ដែលថា លោកបានបំពានអំណាចរបស់លោកនិងបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាក្នុងការស៊ើបអង្កេតទៅលើរូបលោក។ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំដែលបានប្រាប់ដល់សភាសហរដ្ឋអាមេរិកអំពីគោលនយោបាយអាទិភាពក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ លោក ត្រាំ បានផ្ដោតសំខាន់ទៅលើសមិទ្ធផលក្នុងស្រុករបស់លោក ដែលមានគោលបំណងអំពាវនាវដល់អ្នកបោះឆ្នោតឲ្យបោះឆ្នោតឲ្យលោកនៅអាណត្តិថ្មីទៀត។
លោកប្រធានាធិបតីដូណាល់ ត្រាំបានចាប់ផ្ដើមថ្លែងសុន្ទរកថាស្ដីពីស្ថានភាពប្រទេសជាតិ ដោយរំឭកឡើងវិញអំពីការសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦របស់លោក។
លោកថ្លែងក្នុងសម្ដីដើមថា៖ «កាលពីបីឆ្នាំមុន យើងបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយសន្យាថា នឹងធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យជាថ្មីម្ដងទៀត។ យប់នេះ ខ្ញុំឈរនៅចំពោះមុខអ្នកទាំងអស់គ្នាដើម្បីចែករំលែកសមិទ្ធផលដ៏អស្ចារ្យជាច្រើន»។
នៅក្នុងរដ្ឋសភាដែលដឹកនាំដោយសមាជិកគណបក្សប្រជាធិបតេយ្យ ដែលបានបោះឆ្នោតសម្រេចចោទប្រកាន់ដកលោកត្រាំចេញពីតំណែងកាលពីជិតពីរខែមុន លោកត្រាំមិនបានលើកឡើងអំពីការជំនុំជម្រះដោយព្រឹទ្ធសភាដើម្បីសម្រេចអំពីការដកលោកចេញពីតំណែងទេ ប៉ុន្តែលោកមិនព្រមចាប់ដៃស្វាគមន៍ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ទេ។ លោកបានផ្ដោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការពង្រឹងសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
លោកត្រាំបាននិយាយថា៖ «ប្រសិនបើយើងមិនកែប្រែគោលនយោបាយសេដ្ឋកិច្ចដែលបរាជ័យក្នុងរដ្ឋបាលមុនទេ ពិភពលោកនេះនឹងមិនអាចឃើញជោគជ័យនៃសេដ្ឋកិច្ចដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិកបានទេ»។
ឆ្ពោះទៅកាន់ការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីក្នុងឆ្នាំ២០២០នេះ លោក ត្រាំ ទទួលបានការគាំទ្រល្អបំផុតរហូតដល់៤៩%។ សុន្ទរកថារបស់លោកបានផ្ដោតទៅលើគំនិតផ្ដួចផ្ដើមគោលនយោបាយក្នុងស្រុក ដែលរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធការថែទាំសុខភាព និងការធានាថា សហរដ្ឋអាមេរិកនឹងដោះស្រាយវិបត្តិកូរ៉ូណាវីរុស។
លោកត្រាំមានប្រសាសន៍ថា៖ «យើងកំពុងតែសហការជាមួយនឹងរដ្ឋាភិបាលចិននិងធ្វើការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយវិបត្តិផ្ទុះកូរ៉ូណាវីរុសនៅចិន។ រដ្ឋបាលរបស់ខ្ញុំនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារពលរដ្ឋរបស់យើងពីការគំរាមកំហែងនេះ»។
លោកត្រាំក៏បានថ្លែងអំពីគោលនយោបាយការបរទេសអាទិភាពសំខាន់ៗរបស់រដ្ឋបាលលោកមួយចំនួនដែរ ដែលរួមមានទាំងការអញ្ជើញភ្ញៀវពិសេសម្នាក់មកកាន់សេតវិមាន គឺប្រធានាធិបតីប្រទេស Venezuela លោក Juan Guaido។ លោកត្រាំបានលើកឡើងថា៖ «ពលរដ្ឋអាមេរិកាំងទាំងអស់រួបរួមគ្នាជាមួយនឹងពលរដ្ឋ Venezuela ដើម្បីសេរីភាព! សង្គមនិយមបំផ្លាញប្រទេសជាតិ។ ប៉ុន្តែត្រូវចាំជានិច្ចថា សេរីភាពបង្រួបបង្រួមជាតិ»។
ការវាយប្រហារដោយដ្រូនក្នុងពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់ លោក Qassem Suleimani ក៏ត្រូវបានលើកឡើងផងដែរ ខណៈដែលលោកត្រាំបានទទួលស្គាល់ការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ហើយជាថ្មីម្ដងទៀតបានលើកឡើងអំពីការចូលរួមលក្ខណៈការទូត។
លោកត្រាំនិយាយថា៖ «របបអ៊ីរ៉ង់ត្រូវតែបោះបង់ចោលមហិច្ឆតាចង់ផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន បញ្ឈប់ការរាលដាលអំពើភេរវកម្ម ការសម្លាប់ និងការបំផ្លិចបំផ្លាញ ហើយនិងចាប់ផ្ដើមធ្វើការងារដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួនវិញ»។
លោកត្រាំនិយាយថា រដ្ឋបាលរបស់លោកបានរកឃើញដំណោះស្រាយថ្មីមួយដើម្បីសន្ដិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ ថ្លែងថា៖ «ដោយទទួលស្គាល់ថា រាល់ការព្យាយាមកាលពីមុនទាំងអស់បានបរាជ័យ យើងត្រូវតែប្ដេជ្ញាចិត្តនិងមានគំនិតច្នៃប្រឌិត ដើម្បីធ្វើឲ្យតំបន់នេះមានស្ថិរភាព និងធ្វើឲ្យមានការផ្លាស់ប្ដូរសម្រាប់យុវជនរាប់លាននាក់ដើម្បីអនាគតល្អប្រសើរជាងមុនរបស់ពួកគេ»។
លោកត្រាំបានលើកឡើងយ៉ាងដូច្នេះ ខណៈដែលលោកបានលើកឡើងជាថ្មីម្ដងទៀតអំពីការដកកងកម្លាំងរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន។ ប៉ុន្តែលោកប្រធានាធិបតីបានផ្ដល់ឱកាសតិចតួចប៉ុណ្ណោះដើម្បីឲ្យមានសហប្រតិបត្តិការរវាងគណបក្សនយោបាយទាំងពីរ។
លោក Bill Sweeney នៃសាកលវិទ្យាល័យ American University ថ្លែងថា៖ «ដោយសារតែលោកមិនបានលើកឡើងពីការចោទប្រកាន់ដកលោកចេញពីតំណែងប្រធានាធិបតី មិនមែនមានន័យថា ទិដ្ឋភាពផ្សេងទៀតនៃសុន្ទរកថារបស់លោកបានបង្ហាញពីការមិនពេញចិត្ត និងការធុញទ្រាន់របស់លោកនោះទេ ហើយវាបង្ហាញយ៉ាងច្បាស់ថា សមាជិកគណបក្សប្រជាធិបតេយ្យក៏មានអារម្មណ៍ដូចគ្នាដែរ។ អ្នកមិនបានឃើញសមាជិកគណបក្សប្រជាធិបតេយ្យទះដៃអបអរចំណុចមួយចំនួន ដែលអាចជាការរួបរួមជាតិនោះទេ។ ស្របពេលជាមួយគ្នានោះដែរ អ្នកក៏មិនបានឃើញថាមានការផ្ដល់ឱកាសដែលអាចឲ្យពួកគេធ្វើការរួមគ្នាដែរ ដែលនេះគឺជាអ្វីដែលសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីគួរលើកឡើង»។
អ្នកស្រី Gretchen Whitmer អភិបាលរដ្ឋ Michigan ដែលជារដ្ឋមួយ ដែលអាចដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចទៅលើការប្រជែងយកតំណែងប្រធានាធិបតីឆ្នាំ២០២០នេះ បានឆ្លើយតបក្នុងនាមជាសមាជិកគណបក្សប្រជាធិបតេយ្យ។
អ្នកស្រី Whitmer ថ្លែងថា៖ «ការរករឿងមនុស្សលើបណ្ដាញសង្គម Twitter មិនអាចជួយស្រោចស្រង់បញ្ហាបានទេ ប៉ុន្តែវាធ្វើឲ្យបញ្ហាកាន់តែអាក្រក់ទៅវិញទេ»។
ប៉ុន្តែខណៈដែលលោកត្រាំបានបញ្ចប់សុន្ទរកថារបស់លោកប្រធានរដ្ឋសភា អ្នកស្រី Pelosi បានហែកក្រដាសសុន្ទរកថារបស់លោកជាពីរ ដែលនេះជាការរំឭកថា សមរភូមិរវាងគណបក្សនយោបាយទាំងពីរទៅលើការចោទប្រកាន់ដកលោកប្រធានាធិបតីពីតំណែងមិនមែនចប់ដោយងាយៗនោះទេ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា