លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានអះអាងថា រុស្ស៊ីនឹងជំរុញយ៉ាងខ្លាំងឲ្យពួកគណបក្សប្រជាធិបតេយ្យប្រឆាំងនឹងបេក្ខជនខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតសភាខែវិច្ឆិកាខាងមុខ។
ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសារតាមប្រព័ន្ធ Twitter ថា លោកការព្រួយកង្វល់ថា «រុស្ស៊ីនឹងប្រយុទ្ធយ៉ាងខ្លាំងដើម្បីឲ្យមានឥទ្ធិពលទៅលើការបោះឆ្នោតនៅពេលខាងមុខ»។
ប្រធានាធិបតីត្រាំបានអះអាងថា «ផ្អែកលើការពិតនោះគឺថា មិនមានប្រធានាធិបតីអាមេរិកណាដែលម៉ឺងម៉ាត់លើប្រទេសរុស្ស៊ីជាងខ្ញុំនោះទេ រុស្ស៊ីនឹងខិតខំយ៉ាងខ្លាំងដើម្បីជំរុញពួកប្រជាធិបតេយ្យ។ ពួករុស្ស៊ីប្រាកដជាមិនចង់បានប្រធានាធិបតីត្រាំទេ»។
ការអះអាងរបស់ប្រធានាធិបតីត្រាំថា រដ្ឋាភិបាលក្រុងមូស្គូពេញចិត្តគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសភាថ្ងៃទី៦ ខែវិច្ឆិកា នៅពេលដែលសមាជិកសភាតំណាងរាស្ត្រទាំងអស់៤៣៥នាក់ ហើយនិងសមាជិកព្រឹទ្ធសភា១ភាគ៣ត្រូវបោះឆ្នោត មានការខ្វែងគំនិតគ្នាជាមួយការសន្និដ្ឋានរបស់សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកថា រុស្ស៊ីបានជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ដើម្បីជួយឲ្យលោកត្រាំឈ្នះឆ្នោតដើម្បីកាន់កាប់សេតវិមាន។
នៅឯជំនួបកាលពីសប្តាហ៍មុនក្នុងក្រុង Helsinki ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រធានាធិបតីត្រាំហាក់ដូចជាគាំទ្រការបដិសេធរបស់មេដឹកនាំរុស្ស៊ីថា រុស្ស៊ីមិនបានជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០១៦ ហើយបានប្រៀបធៀបសេចក្តីថ្លែងការណ៍របស់លោក Putin ជាមួយការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលបានរកឃើញថា រុស្ស៊ីបានជ្រៀតជ្រែកការបោះឆ្នោតនោះ៕