បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump កាលពីថ្ងៃច័ន្ទម្សិលមិញ បានអំពាវនាវឲ្យមាន «ការត្រួតពិនិត្យឲ្យបានតឹងតែងបំផុត» សម្រាប់ជនអន្តោប្រវេសន៍ណាដែលមានគោលបំណងចង់ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យច្បាស់ថា មានតែអ្នកដែលផ្ដល់តម្លៃដល់សហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិកតែប៉ុណ្ណោះដែលអាចធ្វើអន្តោប្រវេសន៍ចូលមកក្នុងសហរដ្ឋអាមេរិកបាន។
លោក Trump បានថ្លែងបញ្ជាក់ពីគោលនយោបាយការបរទេស និងអន្តោប្រវេសន៍របស់លោកដូចនេះនៅឯទីក្រុង Youngstown រដ្ឋ Ohio។
ដោយពីមុនធ្លាប់បានអំពាវនាវឲ្យមានការហាមឃាត់បណ្ដោះអាសន្នចំពោះការធ្វើដំណើរចូលមកក្នុងទឹកដីសហរដ្ឋអាមេរិករបស់អ្នកកាន់សាសនាឥស្លាម លោក Trump បានសន្យាកាលពីថ្ងៃច័ន្ទម្សិលមិញថា លោកនឹងសើរើដំណើរការត្រួតពិនិត្យជនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក និងរារាំងអ្នកមានទស្សនៈជ្រុលនិយម ឬអ្នកដែលមិនផ្ដល់តម្លៃដល់សហរដ្ឋអាមេរិក។
លោក Trump និយាយយ៉ាងដូច្នេះថា៖ «អ្នកដែលមិនជឿលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ឬក៏អ្នកគាំទ្រអ្នកមានគំនិតប្រឆាំងអ្នកដទៃដែលមានទស្សនៈខុសពីខ្លួន និងអ្នកគាំទ្រឲ្យមានការស្អប់គុំគួន នឹងមិនត្រូវអនុញ្ញាតឲ្យចូលក្នុងទឹកដីសហរដ្ឋអាមេរិកទេ។ មានតែអ្នកដែលមានគោលបំណងចង់ជួយសហរដ្ឋអាមេរិកឲ្យរីកចម្រើន និងអ្នកដែលអាចទទួលយកបាននូវសង្គមដែលអត់ឱនរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលនឹងទទួលបានទិដ្ឋាការចូលមកសហរដ្ឋអាមេរិក»។
លោក Trump មិនបានបញ្ជាក់ថាជនអន្តោប្រវេសន៍មកពីប្រទេសណាមួយ ឬតំបន់ណាមួយនៅក្នុងពិភពលោក ដែលនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យដ៏តឹងតែងនោះទេ ហើយការធ្វើបញ្ជីឈ្មោះប្រទេស ឬតំបន់ទាំងនោះនឹងមិនកើតឡើងទេ រហូតទាល់តែការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះបានបញ្ចប់រួចរាល់សិន។
ជាថ្មីម្ដងទៀត លោក Trump នៅតែធ្វើការវាយប្រហារលើលោកប្រធានាធិបតី Barack Obama និងលោកស្រី Hillary Clinton ចំពោះអ្វីដែលលោកហៅថា ជាការសម្រេចចិត្តមិនត្រឹមត្រូវចំពោះគោលនយោបាយការបរទេសនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងលីប៊ី។ ប៉ុន្តែលើកនេះ លោកមិនបានហៅលោក Obama ថាជាអ្នកបង្កើតក្រុមរដ្ឋឥស្លាមនោះទេ៕