ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្សព្វផ្សាយការឃោសនាបោះឆ្នោតមួយ ដែលមានគោលបំណងទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតឥណ្ឌា។
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានជ្រើសរើសសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ California អ្នកស្រី Kamala Harris ដែលមានម្ដាយជាពលរដ្ឋអាមេរិកាំងដើមកំណើតឥណ្ឌា ជាបេក្ខជនអនុប្រធានាធិបតី។
ជម្រើសរបស់លោក Biden នេះត្រូវបានប្រជាពលរដ្ឋឥណ្ឌាអបអរសាទរនៅទូទាំងពិភពលោក។
អ្នកស្រី Kimberly Guilfoyle ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump បានបង្ហោះការឃោសនាបោះឆ្នោតនេះនៅលើ Twitter កាលពីថ្ងៃសៅរ៍ម្សិលមិញ និងបានសរសេរថា៖ «សហរដ្ឋអាមេរិកមានទំនាក់ទំនងល្អបំផុតជាមួយនឹងប្រទេសឥណ្ឌា ហើយយុទ្ធនាការឃោសនាបោះឆ្នោតរបស់យើងមានការគាំទ្រខ្លាំងក្លាពីអ្នកបោះឆ្នោតដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតឥណ្ឌា»។
វីដេអូឃោសនាបោះឆ្នោតនេះបង្ហាញអំពីលោក Trump និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដើរកាន់ដៃគ្នា និងវីដេអូដកស្រង់ខ្លីៗអំពីការថ្លែងសុន្ទរកថារបស់លោកទាំងពីរ៕