រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តលើសំណើច្បាប់គ្រាបន្ទាន់មួយកាលពីថ្ងៃសៅរ៍ ដើម្បីផ្ដល់ថវិកាចំនួន ២៥ ពាន់លានដុល្លារដល់ប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក ខណៈដែលសហរដ្ឋអាមេរិកត្រៀមសម្រាប់ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ ក្នុងអំឡុងពេលដែលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
ការបោះឆ្នោតនៅរដ្ឋសភាដែលទទួលបានសំឡេងគាំទ្រចំនួន ២៥៧ និងសំឡេងប្រឆាំងចំនួន ១៥០ នេះនឹងអនុញ្ញាតឲ្យផ្អាកការកែប្រែប្រតិបត្តិការនានានៅប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក ដែលកន្លងមក បានធ្វើឲ្យដំណើរការចែកចាយកញ្ចប់សំបុត្រនៅទូទាំងប្រទេសមានភាពយឺតយ៉ាវ។
សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋជាង ២០ នាក់បានបោះឆ្នោតគាំទ្រច្បាប់នេះ។ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងប្រើសិទ្ធិវេតូជំទាស់ទៅនឹងច្បាប់នេះ ប្រសិនបើច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋទៀតនោះ។
អគ្គនាយកប្រៃសណីយ៍ជាតិលោក Louis DeJoy បានធ្វើការកែប្រែមួយចំនួននៅប្រៃសណីយ៍ជាតិ ចាប់តាំងពីលោកឡើងកាន់តំណែងនេះកាលពីខែមិថុនាមក។ លោក DeJoy គឺជាអ្នករៃអង្គាសប្រាក់សម្រាប់គណបក្សសាធារណរដ្ឋ និងបានបរិច្ចាគប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី Trump។
លោក DeJoy ថ្លែងថា វិធានការមួយចំនួន ដែលរួមមានទាំងការដកចេញនូវម៉ាស៊ីនដំណើរការរហ័សសម្រាប់ការបែងចែកកញ្ចប់សំបុត្រទៅតាមប្រភេទ ការដកចេញនូវប្រអប់ប្រៃសណីយ៍នៅតាមទីសាធារណៈ និងការកាត់បន្ថយប្រាក់ឈ្នួលថែមម៉ោងសម្រាប់បុគ្គលិក ត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយការចំណាយនៅទីភ្នាក់ងារនេះ ដែលបានប្រឈមនឹងការខាតបង់ប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក DeJoy បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាកាលពីថ្ងៃសុក្រនៅក្នុងសវនាការមួយថា លោកផ្ដល់អាទិភាពដល់ការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដើម្បីដឹកជញ្ជូនឲ្យដល់គោលដៅ។ លោកថា វាគឺជា «កាតព្វកិច្ចអាទិភាព» របស់លោកក្នុងការធានាដូច្នេះ។
ក៏ប៉ុន្តែ លោកថ្លែងថា ប្រអប់ប្រៃសណីយ៍ពណ៌ខៀវដែលដាក់នៅតាមទីសាធារណៈ និងម៉ាស៊ីនសម្រាប់បែងចែកកញ្ចប់សំបុត្រទៅតាមប្រភេទដែលត្រូវបានដកចេញរួចហើយនោះ គឺ «មិនត្រូវការ» នោះទេ [សម្រាប់ការសម្រេចឲ្យបានគោលដៅនេះ]។
នៅមុនពេលបោះឆ្នោតនៅរដ្ឋសភា ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភាថា ការប្ដេជ្ញារបស់លោក DeJoy នៅក្នុងការលុបចោលវិញនូវវិធានការមួយចំនួនរបស់លោក នៅតែជាមន្ទិលសង្ស័យនៅឡើយ។
គេមិនរំពឹងថា ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនឹងអនុម័តលើសំណើច្បាប់នេះទេ។ អ្នកស្រី Pelosi លើកឡើងថា សំណើច្បាប់នេះនឹងមិនផ្ដល់អត្ថប្រយោជន៍ផ្នែកនយោបាយដល់គណបក្សសាធារណរដ្ឋនោះឡើយ។
លោក Trump បានថ្លែងម្ដងហើយម្ដងទៀតដោយគ្មានភស្តុតាងថា ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះនឹងត្រូវបានគេលួចបន្លំ ដោយសារតែការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍។ លោកបានអះអាងថា ប្រទេសរុស្ស៊ី និងចិនអាចក្លែងបន្លំសន្លឹកឆ្នោតរបស់សហរដ្ឋអាមេរិកបាន។
លោកប្រធានាធិបតីក៏បានលើកឡើងថា លោកមិនចង់រង់ចាំលទ្ធផលនៃការបោះឆ្នោតរយៈពេល«រាប់សប្ដាហ៍ រាប់ខែ ឬរហូតដល់រាប់ឆ្នាំ» ដោយសារតែបញ្ហានានា ដែលលោកទស្សន៍ទាយថានឹងកើតឡើងនៅក្នុងការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍នោះទេ៕