ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Kamala Harris ទទួល​យក​ការ​តែងតាំង​​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​ផ្លូវការ


អ្នកស្រី Kamala Harris ថ្លែងនៅក្នុងការតែងតាំងលោកស្រី ជាបេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យជាផ្លូវការ ក្នុងសន្និបាតជាតិគណបក្ស នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។
អ្នកស្រី Kamala Harris ថ្លែងនៅក្នុងការតែងតាំងលោកស្រី ជាបេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យជាផ្លូវការ ក្នុងសន្និបាតជាតិគណបក្ស នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ អ្នកស្រី Kamala Harris បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឹងប្រែង​ដើម្បី​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​អ្នកស្រី​ទទួល​យក​ការ​តែងតាំង​ជា​ផ្លូវការ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

អ្នកស្រី Harris អាយុ ៥៥ ឆ្នាំ ដែល​ជា​អតីត​រដ្ឋអាជ្ញា គឺ​ជា​ស្ត្រី​ទី ៤ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេក្ខជន​ប្រធានាធិបតី និង​អនុប្រធានាធិបតី​របស់​គណបក្ស​នយោបាយ​ធំ​មួយ ​នៅ​សហរដ្ឋ​អាមេរិក ហើយអ្នកស្រីគឺជា​ស្ត្រី​អាមេរិកាំង​ស្បែក​ខ្មៅ និង​មាន​ដើម​កំណើត​អាស៊ី​ខាង​ត្បូង​ដំបូង​គេ​បង្អស់។

នៅ​ក្នុង​ការ​ថ្លែង​នៅ​យប់​ទី ៣ នៃ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ អ្នកស្រី Harris បាន​រិះគន់​យ៉ាង​ចាស់ដៃ​លើ​វិធីសាស្រ្ត​របស់​លោក​ប្រធានាធិបតី Donald Trump ​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ និង​ការ​ស្ដារ​សេដ្ឋកិច្ច ដោយ​អ្នកស្រី​បាន​និយាយ​ថា «ការបរាជ័យ​ក្នុង​ការ​ដឹកនាំ» របស់​លោក Trump «បាន​ធ្វើ​ឲ្យ​ពលរដ្ឋបាត់បង់​ជីវិត និង​ជីវភាព​រស់នៅ»។

អ្នកស្រី Harris ថ្លែង​អំពី​តម្រូវការ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​ដូច្នេះ​ថា៖

«ជា​ការពិត ផ្លូវ​ឆ្ពោះ​ទៅ​មុខ គឺ​មិន​ងាយ​ស្រួល​នោះទេ។ យើង​នឹង​ជួប​បញ្ហា។ យើង​អាច​បរាជ័យ។ ប៉ុន្តែ​ខ្ញុំ​សូម​ប្ដេជ្ញា​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ថា យើង​នឹង​ធ្វើការ​ឲ្យ​បាន​ហ្មត់ចត់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ស្មោះត្រង់។ យើង​នឹង​និយាយ​ការ​ពិត ហើយ​យើង​នឹង​បំពេញ​ការងារ​ដោយ​មាន​ជំនឿ​ទុកចិត្ត​លើ​អ្នក​ទាំង​អស់​គ្នា ដូច​ដែល​អ្នក​ទាំងអស់​គ្នា​មាន​ជំនឿ​ទុកចិត្ត​មក​លើ​ពួក​យើង​ដូច្នេះ​ដែរ»។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ​អតីត​ប្រធានាធិបតីលោក Barack Obama បាន​វាយប្រហារ​ដោយ​ពាក្យ​សម្ដី​ខ្លាំងៗ​លើ​លោក Trump ដោយ​ថា លោក Trump ចាត់ទុក​តំណែង​ប្រធានាធិបតី​ដូចទៅ​នឹង «កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍» និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ ដោយសារតែ​ការ​ដឹកនាំ​អសមត្ថភាព និង​ផ្ដាច់ការ៕

XS
SM
MD
LG