ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាល​ពី​ថ្ងៃ​សៅរ៍ លោក Trump ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន ៣ រី​ឯ​លោក Biden ផ្ដោត​តែ​លើ​រដ្ឋ Pennsylvania


លោក Trump (ឆ្វេង) និង​លោក Biden ចូលរួម​ក្នុង​ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​កាល​ពី​ថ្ងៃ​សុក្រ ទី ២៣ កន្លង​ទៅ​នេះ។
លោក Trump (ឆ្វេង) និង​លោក Biden ចូលរួម​ក្នុង​ការ​ជជែក​ដេញដោល​លើក​ចុងក្រោយ​កាល​ពី​ថ្ងៃ​សុក្រ ទី ២៣ កន្លង​ទៅ​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​រៀបចំ​ការ​ជួបជុំ​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ North Carolina រដ្ឋ Ohio និង​រដ្ឋ Wisconsin កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ចំណែក​ឯ​គូ​ប្រជែង​របស់​លោក​គឺ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ បាន​ផ្ដោត​តែ​លើ​រដ្ឋ Pennsylvania ប៉ុណ្ណោះ ដែល​នៅ​ទី​នោះ លោក​បាន​រៀបចំ​ការ​ជួបជុំ​ឃោសនា​បោះឆ្នោត​ពីរ​កន្លែង។

លោក Trump បាន​វាយ​ប្រហារ​លើ​គណបក្ស​ប្រជាធិបតេយ្យ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​បាន​បន្ត​ផ្ដោត​លើ​វិបត្តិ​ជំងឺ​កូវីដ១៩ ដោយ​បាន​ចោទ​ប្រកាន់​ពួកគេ​ថា​បាន​បង្វែរ​ចេញ​ពី​អ្វី​ដែល​លោក​ហៅ​ថា​ជា​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​លោក Biden និង​កូន​ប្រុស​របស់​លោក Biden ឈ្មោះ Hunter។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​ការ​ជួបជុំ​លើក​ទី ២ របស់​លោក​នៅ​ក្នុង​ទីក្រុង Circleville រដ្ឋ Ohio ថា៖ «ពួកគេ​ព្យាយាម​លាក់​រឿង​ពុករលួយ​ទាំង​នេះ​អំពី​ក្រុម​គ្រួសារ​របស់​លោក Biden»។

នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​នៅ​ក្នុង​ទីក្រុង Columbus រដ្ឋ Ohio អំពី​ការ​កើនឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ លោក Trump បាន​ឆ្លើយ​ថា៖ «អ្នក​ប្រើ​ពាក្យ «ករណី​ឆ្លង» ដោយសារតែ​អ្នក​ព្យាយាម​បន្លាច​ប្រជាពលរដ្ឋ។ កុំ​បន្លាច​ប្រជាពលរដ្ឋ»។

មុន​ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិធី​ជួបជុំ​នោះ លោក Trump បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ឲ្យ​ខ្លួន​លោក​នៅ​ក្នុង​រដ្ឋ Florida ដែល​ជា​រដ្ឋ​កន្លែង​រស់នៅ​របស់​លោក។

ចំណែក​ឯ​លោក Biden វិញ នៅ​ក្នុង​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​របស់​លោក​ក្នុង​ទីក្រុង Dallas រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​សៅរ៍ លោក​បាន​និយាយ​ថា៖ «ម្សិលមិញ​គឺ​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត» ទាក់ទិន​នឹង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ហើយថា ​លោក Trump «មិន​បាន​ធ្វើ​អ្វី​ទាំងអស់»។

លោក Biden បាន​បន្ថែម​ថា៖ «លោក Donald Trump មិន​បាន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ»។

ទោះបីជា​ថ្ងៃ​បោះឆ្នោត​នឹង​ចូល​មក​ដល់​ក្នុង​ពេល​មិន​ដល់​ពីរ​សប្ដាហ៍​ទៀត​ក៏​ដោយ ក៏​មនុស្ស​ជាង ៥៧ លាន​នាក់​បាន​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​រួច​ហើយ។ មនុស្ស​ប្រហែល ១០០ លាន​នាក់​ទៀត ត្រូវ​គេ​រំពឹង​ថា​នឹង​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។

ការ​ស្ទង់​មតិ​ទូទាំង​ប្រទេស​ភាគ​ច្រើន​កន្លង​មក​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump ច្រើន​គួរសម និង​នាំ​មុខ​តិចតួច​នៅ​តាម​បណ្ដា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ចំនួន​ដែល​គេ​រំពឹង​ថា​នឹង​អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន៕

XS
SM
MD
LG