ពួកមន្ត្រីសេតវិមានបានបញ្ជាក់កាលពីយប់ថ្ងៃអង្គារថា លោកប្រធានាធិបតីស.រ.អា. Donald Trump និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបគ្នាជាលើកទីពីរដែលមិនបានត្រូវលាតត្រដាងឱ្យដឹងពីពេលមុននៅក្នុងសន្និសីទកំពូល G20 កាលពីពេលមុននេះក្នុងខែនេះក្នុងប្រទេសអាល្លឺម៉ង់។
ប្រធានាធិបតីទាំងពីរនាក់នេះបានជួបទល់មុខគ្នាជាលើកទីមួយនៅក្នុងក្រុង Hamburg កាលពីថ្ងៃទី៧ខែកក្កដាដោយបានធ្វើការចរចាគ្នាចំនួនជាងពីរម៉ោងហើយដែលបានត្រូវរាយការណ៍យ៉ាងច្រើនកាលពីពេលនោះ។
ក៏ប៉ុន្តែនៅពេលនេះមានការលេចឮដំណឹងថា លោក Trump និងលោក Putin បានធ្វើការពិភាក្សាគ្នាលើកទីពីរនៅក្នុងពិធីជប់លៀងមួយនៅយប់នោះសម្រាប់ពួកប្រមុខរដ្ឋមកពីក្រុមប្រទេស G20 និងភរិយាអស់លោក។
លោក Trump បានសរសេរតាម Twitter ជាបន្ទាន់ដោយច្រានចោលរបាយការណ៍នៃបណ្តាញផ្សាយព័ត៌មានទាំងនោះដោយគាត់បានចែងថា«ព័ត៌មានក្លែងក្លាយអំពីការមានអាហារពេលយប់សម្ងាត់ជាមួយលោក Putin ជាការនាំឱ្យចង់ក្អួត»។
បើតាមលោក Ian Bremmer ប្រធាននៃក្រុមពិគ្រោះយោបល់ខាងការប្រថុយប្រថាននយោបាយ Eurasia Group ថាគ្មានដំណឹងជាបន្ទាន់អំពីអ្វីដែលបានត្រូវលើកយកមកពិភាក្សាគ្នានៅក្នុងជំនួបនោះដែលមានរយៈពេលប្រមាណមួយម៉ោង។
សេតវិមានមានការរៀបរាប់ប្លែកទាំងស្រុងពីអ្វីដែលបានកើតមាន។ ពួកមន្ត្រីដែលមិនអាចត្រូវបញ្ចេញឈ្មោះបាន បាននិយាយថា «គ្មានជំនួបទីពីររវាងលោកប្រធានាធិបតី Trump និងលោកប្រធានាធិបតី Putin ទេ គ្រាន់តែមានការនិយាយគ្នាខ្លីមួយនៅពេលបញ្ចប់ពិធីជប់លៀងមួយ»។
សេតវិមានបានប្រកាសកាលពីយប់ថ្ងៃអង្គារថា លោក Trump បានសម្រេចតែងតាំងលោក Jon Huntsman អតីតអភិបាលរដ្ឋ Utah និងឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេសចិនឱ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំក្រុងមូស្គូ៕