លោក Donald Trump Jr.បានចេញសារអ៊ីម៉ែលដែលបានបង្ហាញថា លោកបានជួបជាមួយមេធាវីជាតិរុស្ស៊ីកាលពីឆ្នាំទៅនៅក្នុងជំនឿជឿជាក់ដែលគិតថាមេធាវីរូបនេះជាភ្នាក់ងាររបស់រដ្ឋាភិបាលវិមានក្រឹមឡាំងដើម្បីរៀបចំប្រគល់ព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកស្រីគ្លីនតុន។
ការផ្លាស់ប្តូរសារអ៊ីម៉ែលដែលបានផ្សព្វផ្សាយនៅថ្ងៃអង្គារដោយកូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញថា លោកបានសុខចិត្តទទួលយកដោយការរីករាយនូវការអញ្ជើញដើម្បីជួបជាមួយមេធាវីរបស់រដ្ឋាភិ បាលរុស្ស៊ីដើម្បីទទួលបានអ្វីដែលគេពណ៌នាថាជាព័ត៌មានសម្ងាត់និងសំខាន់បំផុតដែលជាផ្នែកមួយរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការគាំទ្រលោកត្រាំ។
ប៉ុន្តែ លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបែរជាអានសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយបន្ទាត់របស់ប្រធានាធិបតីត្រាំទៅវិញ។
«កូនប្រុសរបស់ខ្ញុំជាមនុស្សដែលមានលក្ខណសម្បត្តិខ្ពស់ហើយខ្ញុំសាទរចំពោះតម្លាភាពរបស់គេ។ ហើយហួសពីនេះ ខ្ញុំនឹងត្រូវប្រគល់សំណួរនេះទៅមេធាវីរបស់កូនប្រុសហើយនឹងមេធាវីនៅខាងក្រៅហើយខ្ញុំនឹងមិនមានអ្វីបន្ថែមលើសពីនេះទេ»។
ពួកគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងបានមានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការបញ្ចេញសារអ៊ីម៉ែលកាលពីពេលថ្មីៗនេះ ដោយនិយាយថា សារអ៊ីម៉ែលនោះជាការចំអកដល់ការបដិសេធរបស់សេតវិមានដែលថា មិនមានអ្នកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតណាឃុបឃិតជាមួយរុស្ស៊ីដើម្បីផ្តួលលោកស្រីគ្លីនតុននោះ។ លោកសមាជិកព្រឹទ្ធសភាChuck Schumer ដែលជាមេដឹកនាំសំឡេងភាគតិចខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា៖ «សារអ៊ីម៉ែលនោះជាការបញ្ចប់នូវការអះអាងរបស់លោកត្រាំនិងរដ្ឋបាលរបស់លោកដែលថា មិនមានភស្តុតាងណាមួយអំពីគោលបំណងក្នុងការសម្របសម្រួលឬឃុបឃិតគ្នាជាមួយរុស្ស៊ីនោះ»។
ពួកគណបក្សសាធារណរដ្ឋបានសារភាពថា សារអ៊ីម៉ែលទាំងនោះហាក់ដូចជាអាក្រក់ណាស់ ទោះបីមេធាវីរូបនោះបានបដិសេធថា ខ្លួនមិនមែនជាភ្នាក់ងាររដ្ឋាភិបាលវិមានក្រឹមឡាំងហើយមិនមានព័ត៌មានណាមួយធ្វើឲ្យខូចខាតដល់នរណាម្នាក់ក៏ដោយ។
លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភាបានសម្តែងនូវការគាំទ្រចំពោះការស៊ើបអង្កេតដែលកំពុងបន្តធ្វើឡើងនោះ។ លោកបានថ្លែងថា៖«ខ្ញុំមានទំនុកចិត្តយ៉ាងច្រើនចំពោះគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ដែលកំពុងចាត់ការការស៊ើបអង្កេតនេះទាំងមូល។ លោកសមាជិកព្រឹទ្ធសភា Burr និងលោកស្រីសមាជិកព្រឹទ្ធសភា Warren បានដឹកនាំការស៊ើបអង្កេតនោះហើយយើងនឹងឮព័ត៌មានពីពួកអស់លោកនៅពេលក្រោយ»។
សារអ៊ីម៉ែលរបស់លោក Donald Trump Jr.បានបង្កើននូវសំណួរខាងផ្លូវច្បាប់ដែលគេមិនដែលបានសួរកាលពីពេលមុន។ លោកJames Gardner អ្នកជំនាញខាងច្បាប់បោះឆ្នោតបាននិយាយជាមួយVOAតាមប្រព័ន្ធ Skypeថា៖ «មិនមានស្ថានភាពបែបនេះកាលពីពេលមុនកើនឡើងទេ។ ដូច្នេះ យើងមានតែលក្ខន្តិកៈច្បាប់នៅក្នុងសៀវភៅតែប៉ុណ្ណោះ ក៏ប៉ុន្តែ លក្ខន្តិកៈច្បាប់នេះមិនដែលត្រូវបានគេស្នើឲ្យអនុវត្តនៅក្នុងកាលៈទេសៈមិនធម្មតាដូចនេះនោះទេ»។
លោក Trump Junior បានបដិសេធថា លោកមិនបានធ្វើខុសអ្វីនោះទេហើយបាននិយាយថា លោកមិនបានទទួលព័ត៌មានដែលមានតម្លៃណាមួយពីជំនួបរបស់លោកជាមួយមេធាវីរុស្ស៊ីនោះទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន