យុវជនវ័យ១៩ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់នៅក្នុងការបាញ់សម្លាប់រង្គាលចុងក្រោយបង្អស់នៅក្នុងសហរដ្ឋអាមេរិកត្រូវបានបញ្ជាឲ្យឃុំខ្លួន ដោយមិនអាចធានាឲ្យនៅក្រៅឃុំបានកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលនៃការបើកសវនាការដ៏ខ្លីមួយ។
ជន Nikolas Cruz ដែលត្រូវបានចោទប្រកាន់ចំពោះបទល្មើសចំនួន១៧ ទាក់ទងនឹងការប្រព្រឹត្តបទឧក្រិដ្ឋ បានបង្ហាញខ្លួននៅក្នុងតុលាការក្នុងរដ្ឋ Florida ដោយដៃទាំងពីររបស់គេត្រូវបានចងនៅត្រឹមចង្កេះ ហើយស្លៀកសំលៀកបំពាក់អ្នកជាប់ឃុំពណ៌ទឹកក្រូច។ មេធាវីរបស់គេមិនបានតវ៉ានឹងសំណើរបស់រដ្ឋអាជ្ញាក្នុងការទុក Cruz ឲ្យនៅជាប់ក្នុងពន្ធនាគារនោះទេ ខណៈដែលគេត្រូវរង់ចាំដំណើរការតុលាការតទៅទៀត។
លោកស្រីចៅក្រម Kim Theresa Mollica បាននិយាយទៅកាន់ Cruz ថា «អ្នកត្រូវបានចោទប្រកាន់អំពីបទឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួន»។
ការបង្ហាញវត្តមានរបស់ Cruz នៅក្នុងតុលាការ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើសុន្ទរកថាសង្ខេបមួយពីសេតវិមានអំពីសោកនាដកម្មនេះ ដោយនិយាយថា លោកកំពុងតែនិយាយទៅកាន់ប្រទេសមួយដែលកំពុងតែមានទុក្ខសោក។
លោក ត្រាំ បាននិយាយថា លោកនឹងជួបជាមួយនឹងមន្ត្រីនៅទូទាំងប្រទេសក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តដ៏លំបាក ក្នុងការទប់ស្កាត់កុំឲ្យមានការសម្លាប់រង្គាលនិងធ្វើឲ្យសាលារៀនមានសុវត្ថិភាពជាអាទិភាព។ ក៏ប៉ុន្តែលោក ត្រាំ មិនបានលើកឡើងពីសំណើគ្រប់គ្រងការប្រើប្រាស់កាំភ្លើងនោះទេ៕