ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ លុប​ចោល​​ដំណើរ​ទស្សនកិច្ច​​លោក​ស្រី​​ Pelosi ​និង​​សភា​តំណាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ទៅ​កាន់​​អាហ្វហ្គានីស្ថាន


រូប​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក​ស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​។
រូប​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក​ស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​។

ប្រធានាធិបតី​ស.រ.អា. លោក​ ដូណាល់ ត្រាំ​ បាន​បង្ខំ​លោក​ស្រី​ Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ឱ្យ​លុប​ចោល​ការ​ធ្វើ​ដំណើរ​មួយ​ដែល​បាន​ត្រូវ​គ្រោង​ធ្វើ​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ក្រុង​ប្រ៊ុចសែល​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​កល​ល្បិច​ថ្មី​បំផុត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ខាង​នយោបាយ​ជូរ​ចត់​ជាង​មុន​អំពី​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ស.រ.អា.។

នៅ​ក្នុង​សារ​មួយ​ច្បាប់​ផ្ញើ​ទៅ​ឱ្យ​លោក​ស្រី​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ លោក​ ត្រាំ​ បាន​បដិសេធ​មិន​ឱ្យ​លោកស្រី​ Pelosi​ និង​ពួក​សមាជិក​សភា​ប្រើ​យន្ត​ហោះ​យោធា​មួយ​គ្រឿង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ជួប​ពួក​សម្ព័ន្ធ​មិត្ត​អូតង់​នៅ​ក្នុង​ក្រុង​ ប្រ៊ូចសែល​ និង​ជួប​ជាមួយ​ក្រុម​ទាហាន​ស.រ.អា.​នៅ​ក្នុង​ប្រទេស

អាហ្វហ្គានីស្ថាន​ទេ ដោយ​លោក​បាន​សរសេរថា៖ «ដោយសារ​អ្នក​រដ្ឋការ​អាមេរិកាំង​ដ៏​អស្ចារ្យ​៨​សែន​នាក់​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍ ខ្ញុំ​មាន​ការ​ប្រាកដ​ប្រជា​ថា​ លោក​ស្រី​យល់ស្រប​ថា​ ការ​ពន្យារ​ពេល​លើក​ទៅ​ថ្ងៃ​ក្រោយនៃ​ការ​ធ្វើ​ដំណើរ​បែប​ទំនាក់​ទំនង​សាធារណៈ​នេះ​ជា​ការ​សមរម្យ​បំផុត»។

អ្នកនាំ​ពាក្យ​នៃ​ការិយាល័យ​លោក​ស្រី Pelosi ​បាន​និយាយ​ថា ​ការ​ធ្វើ​ដំណើរ​នេះ​អាច​ផ្តល់ការ​និយាយ​ប្រាប់​ត្រួសៗ​អំពី​សន្តិ​សុខ​ជាតិ​និង​ការ​ស៊ើបការណ៍​សម្ងាត់​ហើយ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​លោកស្រី ​Pelosi​ អរគុណ​ពួក​ទាហាន​ផង​ដែរ។

សារលិខិត​របស់​ប្រធានាធិបតី​រូប​នេះ​មិន​បាន​ដោះ​ស្រាយ​ចំៗ​អំពី​ការ​អំពាវនាវ​របស់​លោក​ស្រី​ Pelosi ​កាល​ពី​ថ្ងៃពុធ​ដែល​បាន​ឱ្យ​លោក​ ត្រាំ ពន្យារ​ពេល​ការ​ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​សហព័ន្ធ​ដែល​មាន​កំណត់​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩​ខែ​មករា ​រហូត​ដល់​ពេល​ណា​មាន​ការ​ផ្តល់​ប្រាក់​ឱ្យ​រដ្ឋាភិបាល​ហើយ​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​បាន​ចប់។

លោក​ Adam Schiff ​ប្រធាន​គណៈ​កម្មាធិការ​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ខាង​ក្រៅ​ការិយាល័យ​លោក​ស្រី ​Pelosi ​ថា៖ «ការ​ធ្វើ​ដូច្នេះ​ដោយ​ប្រធានាធិបតី​ជា​ការ​មិន​សមរម្យ​ទេ។ យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​ស.រ.អា.​និយា​យ​ប្រាប់​សភា​ថា ​ខ្លួន​មិន​អាច​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ផង​ខ្លួន​ខាង​ការ​ត្រួត​ពិនិត្យ​ទេ»៕

XS
SM
MD
LG