ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបជាមួយពួកមេដឹកនាំសភាអាមេរិកកាលពីរសៀលថ្ងៃអង្គារដើម្បីពិភាក្សាគ្នាអំពីការកាត់បន្ថយពន្ធដារជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ «ជំនួយច្រើនក្រាស់ក្រែល» ដល់អ្នកជំនួញនិងបុគ្គលដែលទទួលផលអាក្រក់ខាងហិរញ្ញវត្ថុជាលទ្ធផលនៃការរាលដាលមេរោគវីរុសកូរ៉ូណា។
លោក Trump បាននិយាយប្រាប់ក្រុមអ្នកកាសែតកាលពីល្ងាចថ្ងៃចន្ទនៅក្នុងបន្ទប់សម្រាប់ធ្វើសន្និសិទកាសែតនៅក្នុងសេតវិមានថា «យើងក៏នឹងនិយាយអំពីពួកអ្នកមានប្រាក់បៀវត្សរ៍ប្រចាំម៉ោងដើម្បីកុំឱ្យពួកគេខាតបង់ប្រាក់ខែដោយធ្វើការឱ្យក្រុមហ៊ុនទាំងតូចទាំងធំនិងក្រុមហ៊ុនជាច្រើនដែលពួកគេមិនត្រូវដាក់ពិន័យដោយសារអ្វីដែលមិនមែនជាកំហុសរបស់ពួកគេ»។
នៅពេលដែលតម្លៃភាគហ៊ុនបានចុះថ្លៃកាលពីថ្ងៃចន្ទនៅពេលមានសង្គ្រាមតម្លៃប្រេងនិងវិបត្តិមេរោគវីរុសកូរ៉ូណា លោក Trump បានជួបជាមួយទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដោយមានរួមបញ្ចូលទាំងលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែលបង្ហាញលោកអំពីជម្រើសគោលនយោបាយដើម្បីទប់ទល់នឹងការគំរាមកំហែងដែលលេចឡើងយ៉ាងលឿនដល់សេដ្ឋកិច្ច។
លោក Mnuchin បានទស្សន៍ទាយថា «សេដ្ឋកិច្ចនឹងមានស្ថានភាពល្អក្នុងពេលមួយឆ្នាំចាប់តាំងពីពេលនេះទៅ»។ លោកបានឆ្លើយនឹងសំណួររបស់ក្រុមអ្នកកាសែតជាមួយលោកអនុប្រធានាធិបតី Mike Pence នៅក្រោយលោក Trump បានបង្ហាញខ្លួនក្នុងពេលខ្លីនៅក្នុងបន្ទប់សម្រាប់ធ្វើសន្និសីទកាសែត។
លោក Trump បានប្រកាសថា នឹងមានការធ្វើសន្និសិទកាសែតមួយនៅឯសេតវិមាននៅថ្ងៃអង្គារដែលផ្តោតការយកចិត្តទុកដាក់លើវិធានការសេដ្ឋកិច្ច៕