បើតាមពួកមន្ត្រីរដ្ឋាភិបាល និងពួកអ្នកជំនាញការខាងអន្តោប្រវេសន៍មួយចំនួនថា លោកប្រធានាធិបតីស.រ.អា. Donald Trump កំពុងប្រុងប្រៀបបោះជំហានទៅមុខជាមួយបទបញ្ជាឱ្យកសាងកំផែងមួយតាមបណ្តោយព្រំដែនរវាងស.រ.អា.និងប្រទេសម៉ិកស៊ិក និងដាក់កំហិតការហាមប្រាមជាបណ្តោះអាសន្នដល់ពួកជនដែលត្រូវអនុញ្ញាតឱ្យចូលក្នុងប្រទេសអាមេរិក។
គេរំពឹងថាលោកប្រធានាធិបតីនឹងចុះហត្ថលេខាលើបទបញ្ជាដំបូងៗរបស់លោកទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍នៅថ្ងៃពុធនេះនៅពេលលោកអញ្ជើញទៅកាន់ក្រសួងសន្តិសុខមាតុភូមិ។
ចំណាត់ការទាំងនេះសមស្របតាមការសន្យាជាញឹកញយដើម្បីពង្រឹងសន្តិសុខជាតិដែលលោកបាននិយាយនៅពេលធ្វើការឃោសនាបោះឆ្នោត។
លោក Trump ចង់ឱ្យមានកំផែងមួយនៅតាមបណ្តោយព្រំដែនទាំងស្រុងរវាងស.រ.អា. និងប្រទេសម៉ិកស៊ិក។ នៅពេលសព្វថ្ងៃនេះ មានតែរបាំងនៅតាមបណ្តោយផ្នែកខ្លះនៃព្រំដែនរវាងប្រទេសទាំងពីរ។ លោកបានសន្យាជាញឹកញយថាប្រទេសម៉ិកស៊ិកនឹងបង់ប្រាក់សម្រាប់ការស្ថាបនាកំផែងនេះ ហើយលោកបាននិយាយដែរថាសភាស.រ.អា.នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលស.រ.អា.បង់សោហ៊ុយសិន ហើយរដ្ឋាភិបាលម៉ិកស៊ិកនឹងសងនៅពេលបន្ទាប់។
ប្រទេសម៉ិកស៊ិកបាននិយាយច្រើនដងមកហើយថា ពួកគេនឹងមិនបង់ប្រាក់សម្រាប់ការកសាងកំផែងនេះទេ។ លោកប្រធានាធិបតីម៉ិកស៊ិក Enrique Pena Nieto នឹងមកបំពេញទស្សនកិច្ចនៅសេតវិមាននៅសប្តាហ៍ក្រោយ៕