លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama និយាយថា លោកមានជំនឿទុកចិត្តលើទស្សនវិស័យរបស់លោកចំពោះប្រទេស ហើយប្រសិនបើលោក «ឈរឈ្មោះជាប្រធានាធិបតីម្ដងទៀត» លោកប្រាកដជាអាចយកឈ្នះយក Donald Trump នៅក្នុងការបោះឆ្នោតកន្លងមក។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងអតីតទីប្រឹក្សាលោក David Axelrod ដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ លោកបាននិយាយថា៖ «ខ្ញុំមានជំនឿជឿជាក់លើទស្សនវិស័យនេះ ដោយសារតែខ្ញុំមានការជឿជាក់ថា ប្រសិនបើខ្ញុំឈរឈ្មោះម្ដងទៀត ហើយបង្ហាញអំពីទស្សនវិស័យនេះ ខ្ញុំគិតថា ខ្ញុំអាចប្រមូលផ្ដុំពលរដ្ឋអាមេរិកាំងជាច្រើនឲ្យគាំទ្រទស្សនវិស័យនេះបាន»។
ទោះបីជាលោកបានសរសើរលោកស្រី Hillary Clinton ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យក៏ដោយ ក៏លោកបានរិះគន់យុទ្ធនាការរបស់លោកស្រីថាជាយុទ្ធនាការមានការប្រយ័ត្នប្រយែងពេក។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកគិតថាអ្នកនឹងឈ្នះ អ្នកប្រាកដជាមានទំនោរថាអ្នកនឹងឈ្នះជាមិនខាន គឺដូចទៅនឹងកីឡាអញ្ចឹង គឺប្រហែលជាលេងដោយប្រយ័ត្នប្រយែងបន្ថែមជាងមុន»។
លោក Obama បានបង្ហាញការសរសើរចំពោះលោកស្រី Clinton ដោយនិយាយថា៖ «លោកស្រីបញ្ចេញសមត្ថភាពបានប្រសើរណាស់នៅក្រោមស្ថានការណ៍តឹងតែងបំផុត»។ ប៉ុន្តែ លោកក៏មិនបានរាថយក្នុងការរិះគន់យុទ្ធនាការរបស់លោកស្រី Clinton ថាមិនបានប្រឹងប្រែងឲ្យបានខ្លាំងជាងនេះ។
លោក Obama ក៏បាននិយាយការពារកេរ្ដិ៍តំណែលរបស់លោកផងដែរ ដោយនិយាយថា លោក Donald Trump ក្លាយជាប្រធានាធិបតីនាអាណត្តិបន្ទាប់ មិនមែនមានន័យថា ទស្សនវិស័យរបស់លោកចំពោះប្រទេសបាត់បង់នោះទេ៕