ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​ថា អាច​មាន​ការ​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​សម្រាប់​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ


រូបឯកសារ៖ ប្រអប់បោះឆ្នោតត្រូវបានរៀបចំដោយដាច់ដោយឡែកដើម្បីរក្សាគម្លាតពីគ្នា សម្រាប់ការបោះឆ្នោតបឋម នៅមណ្ឌលបោះឆ្នោត Kentucky Exposition Center ក្នុងទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រអប់បោះឆ្នោតត្រូវបានរៀបចំដោយដាច់ដោយឡែកដើម្បីរក្សាគម្លាតពីគ្នា សម្រាប់ការបោះឆ្នោតបឋម នៅមណ្ឌលបោះឆ្នោត Kentucky Exposition Center ក្នុងទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រី​សន្តិសុខ​ផ្នែក​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក កំពុង​ឲ្យ​សាធារណជន​អាមេរិកាំង ត្រៀម​ចំពោះ​ស្ថានភាព​អាក្រក់​បំផុត​ថ្មី​មួយ​ ដែល​អាច​កើតឡើង​ចំពោះ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

ស្ថានភាព​នោះ​គឺ​ការ​ដែល​ជន​ឧក្រិដ្ឋ​អាច​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​ទ្រង់ទ្រាយ​ធំ​ភ្លាមៗ ​ក្រោយ​ការិយាល័យ​បោះឆ្នោត​ទាំង​អស់​បាន​បិទ នៅ​ពេល​ដែល​ពលរដ្ឋ​កំពុង​រង់ចាំ​តាមដាន​ថា​ បេក្ខជន​ណា​នឹង​ក្លាយជា​ប្រធានាធិបតី​ដឹកនាំ​ប្រទេស​សម្រាប់ ៤ ឆ្នាំ​ទៀត។

មន្ត្រី​ទាំង​នោះ​បាន​ព្រមាន​បន្ថែម​ទៀត​ថា ការ​វាយ​ប្រហារ​បែប​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ទំនងជា​នឹង​មាន​គ្រប់ទី​កន្លែង ដែល​មាន​គោលដៅ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​លែង​ទុកចិត្ត​លើ​ព័ត៌មាន​ ដែល​ពួកគេ​ទទួល​បាន សូម្បី​ប្រភព​ព័ត៌មាន​ដែល​ពួកគេ​ធ្លាប់​ទុកចិត្ត​ក៏ដោយ។

ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI និង​ទីភ្នាក់ងារ​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ព័ត៌មាន CISA បាន​ព្រមាន​តាម​ការ​ផ្សាយ​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «តួអង្គ​បរទេស​និង​ឧក្រិដ្ឋជន​អាច​បង្កើត​គេហទំព័រ​ថ្មី ឬ​ចូល​កែប្រែ​គេហទំព័រ​ដែល​មាន​ស្រាប់ និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​នោះ ​តាម​បណ្តាញ​សង្គម​លើ​អ៊ីនធឺណិត»។

ស្ថាប័ន​ទាំង​ពីរ​បាន​ទទូច​ឲ្យ​សាធារណជន​អាមេរិក «ស្វែងរក​តែ​ប្រភព​ព័ត៌មាន​ដែល​ទុកចិត្ត​បាន ដូចជា​ពី​មន្ត្រី​បោះឆ្នោត​ថ្នាក់​រដ្ឋ ​និង​ថ្នាក់​មូលដ្ឋាន​ជាដើម»។

ការ​ព្រមាន​ជា​ទូទៅ​អំពី​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​នេះ ​មិនមែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​ការ​ព្រមាន​លើក​នេះ​ពី​ស្ថាប័ន FBI និង CISA កាន់តែ​មាន​ភាព​លម្អិត​ជាង​មុន ដោយ​រៀបរាប់​ពី​វិធី​ដែល​សត្រូវ​បរទេស ​អាច​ព្យាយាម​បំភ្លៃ​សាធារណ​មតិ​អាមេរិក​តាម​បណ្តាញ​អ៊ីនធឺណិត៕

XS
SM
MD
LG