ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានច្បាប់អន្តោប្រវេសន៍កាន់តែតឹងរ៉ឹងជាងមុន ដោយប្តេជ្ញាថា នឹងគ្មានអ្នកទទួលបានអត្ថប្រយោជន៍ពីកម្មវិធី DACA ទៀតទេ។ កម្មវិធី DACA នេះគឺជាកម្មវិធីមួយដែលអនុញ្ញាតឲ្យកុមារដែលត្រូវបាននាំមករស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់អាចបន្តរស់នៅក្នុងប្រទេសនេះនិងអាចសិក្សានិងធ្វើការងារដោយស្របច្បាប់បាន។ កម្មវិធី DACA នេះ ត្រូវបានអនុម័តក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។
លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Twitter កាលពីព្រឹកថ្ងៃអាទិត្យថា «ភ្នាក់ងារយាមល្បាតព្រំដែនមិនត្រូវបានអនុញ្ញាតឲ្យធ្វើការងាររបស់ពួកគេឲ្យបានត្រឹមត្រូវនោះទេនៅឯព្រំដែន ដោយសារតែច្បាប់គណបក្សប្រជាធិបតេយ្យដ៏គួរឲ្យអស់សំណើចដែលដូចជាចាប់បានហើយដោះលែងវិញ»។
លោក ត្រាំ បានបន្ថែមទៀតថា «វាកាន់តែគ្រោះថ្នាក់ហើយ។ មនុស្សកាន់តែច្រើនចូលមកតាមរថយន្ត Caravan។ សមាជិកគណបក្សសាធារណរដ្ឋត្រូវតែអនុម័តលើច្បាប់ដែលតឹងរ៉ឹងជាងមុនក្នុងពេលឥឡូវនេះ។ មិនត្រូវមានកិច្ចព្រមព្រៀង DACA ទៀតទេ។»
នៅក្នុងសារបន្ទាប់ទៀត លោក ត្រាំ បានសរសេរថា «មនុស្សដ៏ច្រើនដែលចូលមកនេះកំពុងតែព្យាយាមទាញយកគុណប្រយោជន៍ពីកម្មវិធី DACA។ ពួកគេចង់ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ»។
រដ្ឋបាលលោក ត្រាំ បានបញ្ចប់កម្មវិធី DACA នេះកាលពីខែកញ្ញា ប៉ុន្តែបានផ្តល់ពេលវេលាដល់សភារយៈពេល៦ខែ ដើម្បីរៀបចំផែនការអចិន្ត្រៃយ៍មួយសម្រាប់អ្នកទទួលផលប្រយោជន៍ពីកម្មវិធីនេះ៕