នៅប៉ុន្មានម៉ោងមុនជំនួបរវាងលោកប្រធានាធិបតី Donald Trump ជាមួយឧបនាយករដ្ឋមន្រ្តីចិនលោក Liu He នៅឯសេតវិមាន លោកប្រធានាធិបតី Donald Trump បានបង្ហាញសុទិដ្ឋិនិយមចំពោះការស្វែងរកការធ្វើពាណិជ្ជកម្មទ្រង់ទ្រាយធំមួយជាមួយចិន។ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យប្រធានាធិបតីថា «វានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំមួយ ឬជាកិច្ចព្រមព្រៀងដែលយើងនឹងផ្អាកក្នុងរយៈពេលខ្លីមួយ»។
នៅអំឡុងពិធីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ លោកប្រធានាធិបតីបានព្យាករណ៍ថាឱកាសល្អនឹងអាចកើតឡើង។
លោក Trump បានពន្យល់អំពីឧបសគ្គនានាដែលអាចយកឈ្នះបាន។ លោកបានគូសបញ្ជាក់ថាប្រទេសចិនបានបើកទីផ្សាររបស់ពួកគេសម្រាប់សេវាកម្មហរិញ្ញវត្ថុ និងវិស័យផ្សេងៗទៀត។ ប៉ុន្តែលោកប្រធានាធិបតីបានព្រមានផងដែរថា យើងនឹងមិនមានកិច្ចព្រមព្រៀងទេ ប្រសិនបើយើងមិនទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់កសិករនិងរោងចក្ររបស់យើង។
យោងតាមលោក Trump បានឲ្យដឹងថា ការចរចានាពេលថ្មីៗនេះក៏នឹងរួមបញ្ជូលចំណាត់ការណ៍នានាដើម្បីដោះស្រាយបញ្ហាកម្មសិទ្ធបញ្ញា និងការជួញដូរថ្នាំញៀនហេ្វតាណុលរបស់ចិនចូលក្នុងសហរដ្ឋអាមេរិកផងដែរ។
លោក Trump បានថ្លែងដូច្នេះនៅថ្ងៃចុងក្រោយនៃការចរចាជុំទីពីរដែលមានបំណងដោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
លោក Trump បាននិយាយថា កិច្ចចរចាកាលពីថ្ងៃពុធរវាងក្រុមចចារភាគីអាមេរិកនិងភាគីចិនមានដំណើរការល្អ៕