លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ បន្តយុទ្ធនាការមួយនៅលើបណ្តាញសង្គម Twitter ដើម្បីប្រឆាំងនឹងការស៊ើបអង្កេតទៅលើទំនាក់ទំនងរវាងយុទ្ធនាការរបស់លោកជាមួយនឹងរុស្ស៊ី។
លោក Trump បានលើកឡើងថា លោកកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អ្នកដែលបានប្រាប់លោកឲ្យបញ្ឈប់ការងាររបស់នាយកទីភ្នាក់ងារ FBI ដោយសារតែលោកបានបញ្ឈប់ការងាររបស់នាយកទីភ្នាក់ងាររូបនោះ»។
វាមិនមានភាពច្បាស់លាស់នោះទេថាតើលោកប្រធានាធិបតីចង់សំដៅទៅលើលោកទីប្រឹក្សាពិសេស Robert Mueller ឬលោកអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Rod Rosenstein។ ក្រុមអ្នកសារព័ត៌មានដែលបានស្រែកសួរសំណួរឲ្យមានការបញ្ជាក់ ក្រោយពេលដែលលោក Trump បានចុះពីលើឧទ្ធម្ភាគចក្រ Marine One ត្រឡប់ចូលទៅកាន់សេតវិមានកាលពីល្ងាចថ្ងៃសុក្រវិញនោះ មិនបានទទួលចម្លើយអ្វីនោះទេ។
ការផ្ទុះឡើងចុងក្រោយនៅលើបណ្តាញសង្គមដោយសារតែលោកប្រធានាធិបតីបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោកនោះ ធ្វើឡើងបន្ទាប់ពីកាសែត Washington Post បានរាយការណ៍មកថា លោក Mueller កំពុងតែត្រួតពិនិត្យទៅលើហិរញ្ញវត្ថុរបស់កូនប្រសារប្រុសរបស់លោក Trump គឺលោក Jared Kushner ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតី។
ការស៊ើបអង្កេតរបស់លោក Mueller ក៍រួមបញ្ចូលសំណួរថាតើលោក Trump បានព្យាយាមរារាំងភាពយុត្តិធម៌ដែរឬយ៉ាងណា៕