កាលពីថ្ងៃពុធម្សិលមិញ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលមិនទាន់ទទួលបានការតែងតាំងផ្លូវការនៅឡើយ បានណែនាំសមាជិកព្រឹទ្ធសភាលោកស្រី Kamala Harris ដែលជាជម្រើសបេក្ខជនអនុប្រធានាធិបតីរបស់លោក នៅឯព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Delaware។
ទាំងលោក Biden និងលោកស្រី Harris សុទ្ធតែពាក់ម៉ាស់ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ អ្នកទាំងពីរ បានថ្លែងសុន្ទរកថាចេញពីវេទិកានៃវិទ្យាល័យមួយកន្លែងនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ដែលជាស្រុកកំណើតរបស់លោក Biden។
សុន្ទរកថារបស់អ្នកទាំងពីរ ផ្ដោតលើប្រធានបទនៃយុទ្ធនាការឃោសនារបស់ពួកគេ ដោយបានសង្កត់ធ្ងន់អំពីការដឹកនាំរបស់ពួកគេនៅក្នុងការជួយពលរដ្ឋអាមេរិកាំង ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នេះ និងភាពចលាចលសេដ្ឋកិច្ចដែលកំពុងកើនឡើង ក៏ដូចជាបញ្ជាក់អំពីសារជំរុញទឹកចិត្តអំពីមូលហេតុនៃការជ្រើសរើសលោកស្រី Harris ជាបេក្ខជនអនុប្រធានាធិបតីផងដែរ។
លោក Biden បានជ្រើសតាំងលោកស្រី Harris ជាដៃគូឈរឈ្មោះបោះឆ្នោតរបស់លោកជាផ្លូវការកាលពីថ្ងៃអង្គារ។ ការជ្រើសតាំងនេះ បានធ្វើឲ្យលោកស្រី Harris ក្លាយជាស្ត្រីស្បែកខ្មៅដំបូងបង្អស់ និងជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ីខាងត្បូងដំបូងបង្អស់ ដែលត្រូវបានជ្រើសតាំង ដូច្នេះក្នុងគណបក្សចម្បងមួយនៅសហរដ្ឋអាមេរិក សម្រាប់ការបោះឆ្នោតប្រធានាធិបតី។
លោក Biden បានថ្លែងថា លោក និងលោកស្រី Harris នឹងធ្វើការដើម្បី «កសាងសហរដ្ឋអាមេរិកឡើងវិញ»។
លោក Biden បានចោទលោកប្រធានាធិបតី Donald Trump និងលោកអនុប្រធានាធិបតី Mike Pence ថា បានបរាជ័យនៅក្នុងការដឹកនាំក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នេះ ហើយបានបញ្ជាក់ថា លោក និងលោកស្រី Harris នឹងដោះស្រាយបញ្ហាស្មុគស្មាញនៅក្នុងសហរដ្ឋអាមេរិក និងបរទេសដែលបង្កើតឡើងដោយលោក Trump និងលោក Pence៕