ក្រុមមេធាវីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បង្ហាញខ្លួននៅចំពោះមុខព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ នៅពេលពួកគេចាប់ផ្តើមការពារលោកប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់។ ក្រុមមេធាវីទាំងនេះ នឹងបន្តការបង្ហាញហេតុផលការពារក្តីរបស់ពួកគេ នៅថ្ងៃចន្ទនិងថ្ងៃអង្គារខាងមុខបន្ទាប់ទៀត។
លោក Jay Sekulow ដែលជាមេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីរបស់លោក ត្រាំ បាននិយាយថា ពួកគេនឹងបង្ហាញអំណះអំណាងជា «ករណីវិជ្ជមាន» មួយ ហើយ «នឹងបដិសេធការចោទប្រកាន់» ទាំងឡាយមកលើលោកប្រធានាធិបតី។
លោក Rick Scott ដែលជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិមកខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida បាននិយាយថា លោក «រំពឹងថាសេតវិមាន» ចាប់ផ្តើមបង្ហាញការពិតជាក់ស្តែងឱ្យបានត្រឹមត្រូវ» នៅក្នុងទម្រង់ការសវនាការ នៅថ្ងៃសៅរ៍នេះ។
លោក Ted Cruz ដែលជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋតិចសាស បាននិយាយថា «ខ្ញុំរំពឹងជាដំបូងថា លោកប្រធានាធិបតីត្រូវតែការពារខ្លួនលោក»។
សភាតំណាងរាស្ត្រអាមេរិកាំងបានចោទប្រកាន់លោក ត្រាំ កាលពីខែធ្នូ។
លោកប្រធានាធិបតី ត្រាំ ប្រឈមនឹងបទចោទប្រកាន់ពីរ ដែលចោទប្រកាន់លោកពីបទរំលោភអំណាចជាប្រធានាធិបតី និងបទរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សភា ក្នុងការស៊ើបអង្កេតសកម្មភាពរបស់លោក ទាក់ទិននឹងប្រទេសអ៊ុយក្រែន។
លោក ត្រាំ ត្រូវបានចោទប្រកាន់ថា បានដាក់សម្ពាធលើប្រទេសអ៊ុយក្រែន ឱ្យបើកធ្វើការស៊ើបអង្កេតអំពីលោកអតីតអនុប្រធានាធិបតី Joe Biden ដែលជាគូប្រជែងខ្លាំងម្នាក់មកពីខាងគណបក្សប្រជាធិបតេយ្យ តទល់នឹងការឈរឈ្មោះជាថ្មីរបស់លោក ត្រាំ ដើម្បីឱ្យបានជាប់ឆ្នោតជាថ្មីនៅឆ្នាំនេះ។
សមាជិកសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ បានបញ្ចប់ការបង្ហាញហេតុផលរបស់ពួកគេ ប្រឆាំងនឹងលោកប្រធានាធិបតី កាលពីថ្ងៃសុក្រ ដោយបានថ្លែងបង្ហាញហេតុផលថា ប្រសិនបើលោក ត្រាំ មិនបានត្រូវដកពីតំណែងទេ លោកនឹងបន្តរំលោភអំណាចតទៅទៀត៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ