ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កំពុងបន្តរិះគន់ពួកគណបក្សប្រជាធិបតេយ្យដែលបានផ្តួចផ្តើមការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដោយសារបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់។
ក្នុងការចុះផ្សាយតាមបណ្តាញ Twitter ជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីត្រាំបានរិះគន់ពួកអ្នកចោទប្រកាន់របស់លោក ហើយបានផ្តោតខ្លាំងលើការខឹងរបស់លោកទៅលើលោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្រ្តដែលកាលពីសប្តាហ៍មុនបានរិះគន់ការនិយាយទូរស័ព្ទរបស់ប្រធានាធិបតីត្រាំជាមួយលោក Volodymyr Zelenskiyប្រធានាធិបតីថ្មីនៃប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតីត្រាំ ក៏បានបញ្ជូនសារតាម Twitter អំពីអត្ថាធិប្បាយដែលបានធ្វើឡើងដោយអាចារ្យសាសនាអភិរក្សនិយមម្នាក់ដែលបានព្រមានពីភាពគ្រោះថ្នាក់នៃសង្គ្រាមស៊ីវិល ប្រសិនបើប្រធានាធិបតីត្រូវបានប្តឹងទម្លាក់ចេញពីតំណែងនោះ។
អ្នកបញ្ចេញព័ត៌មានសម្ងាត់នោះ ចោទប្រកាន់ថា ប្រធានាធិបតីត្រាំ បានស្វះស្វែងរកការជួយពីប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy នៅក្នុងការជីកកកាយរកព័ត៌មានទាក់ទិននឹងឧក្រិដ្ឋកម្មរបស់លោក Joe Biden អតីតអនុប្រធានាធិបតី និងលោក Hunterដែលជាកូនប្រុសរបស់លោក ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ក្តីសង្ឃឹមរបស់លោក Bidenដើម្បីបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ និងដើម្បីប្រកួតប្រជែងជាមួយលោកត្រាំនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២០។ សេតវិមាន កាលពីសប្តាហ៍មុន បានចេញផ្សាយឯកសារនៃការសន្ទនាតាមទូរស័ព្ទនេះ៕