ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​រាយការណ៍​​ឲ្យ​ដឹងថា​អ្នក​តំណាង​ពិសេស​របស់​ប្រធានា​ធិបតី​អាមេ​រិក​សម្រាប់ អ៊ុយក្រែន​​លា​ចេញពី​ដំណែង


រូបភាពឯកសារ៖ ប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​អ៊ុយក្រែន​លោក Kurt Volker ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ២០១៩។
រូបភាពឯកសារ៖ ប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​អ៊ុយក្រែន​លោក Kurt Volker ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ២០១៩។

អ្នក​តំណាង​ពិសេស​របស់​ប្រធានា​ធិបតី​អាមេ​រិក​លោក​ដូណាល់ ​ត្រាំ សម្រាប់​ប្រ​ទេស​អ៊ុយក្រែន ​បាន​លាចេញពី​ដំណែង​កាល​ពី​ថ្ងៃ​សុក្រ។ នេះតាម​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក។

របាយការណ៍​នោះ​ប្រាប់​ឲ្យ​ដឹងថា លោក Kurt Volker បាន​ចុះ​ចេញ​ពី​ដំណែង​របស់​លោក​បន្ទាប់​ពី​ជួប​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេ​រិក​លោក​ Mike Pompeo។ ក្រសួង​ការបរទេស​អាមេរិក មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក Volker មាន​ឈ្មោះ​នៅ​ក្នុង​បណ្តឹងរបស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដែល​បាន​បណ្តាល​ឲ្យ​មានការ​ស៊ើបអង្កេតប្តឹង​ចោទ​ប្រកាន់​ប្រធានា​ធិបតីត្រាំ​ទម្លាក់​ពី​ដំណែង។បណ្តឹង​នោះ ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក Volkerបាន​ជួយរៀប​ចំ​ជំនួប​រវាង​លោក Rudy Giuliani មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានា​ធិបតី​ត្រាំ ​និងក្រុម​មន្រ្តី​អ៊ុយក្រែន។

អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​នោះ ចោទ​ប្រកាន់​ថា ប្រធានា​ធិបតី​ត្រាំ ​បាន​ហៅ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី២៥ ​ខែកក្កដា ​ដើម្បី​ស្វះស្វែងរក​ការជួយ​ពី​ប្រធានា​ធិបតី​ថ្មី​របស់​អ៊ុយក្រែនក្នុងការ​ជីក​កកាយ​រក​ព័ត៌មាន​អំពីលោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​លោក Hunter ជា​កូនប្រុស​របស់​លោក​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្តី​សង្ឃឹម​របស់​លោក Bidenដើម្បី​ទទួល​បាន​ការតែង​តាំង​ជាបេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រធានា​ធិបតី​ត្រាំ​នៅ​ក្នុងការ​បោះឆ្នោតប្រធានា​ធិបតី​នៅ​ឆ្នាំ​២០២០៕


XS
SM
MD
LG