ក្រុមមេធាវីរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ ដែលការបញ្ចេញព័ត៌មាននេះបានជំរុញឲ្យមានការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីតំណែងនោះ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការការពារអត្តសញ្ញាណរបស់អ្នកបញ្ចេញព័ត៌មាននោះ នៅពេលដែលលោក Trump និយាយថា លោកចង់ជួបជាមួយនឹងអ្នកចោទប្រកាន់លើរូបលោកនេះ។
ក្រុមមេធាវីដែលដឹកនាំដោយលោក Andrew Bakaj បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយបញ្ជាក់ថា ពួកគេកំពុងបន្តធ្វើការជាមួយនឹងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ និងខាងគណបក្សសាធារណរដ្ឋ ដើម្បីរៀបចំនីតិវិធីឲ្យអ្នកលួចបញ្ចេញព័ត៌មាននោះអាចជួបជាមួយនឹងមេធាវីបាន ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ។
មេធាវីមួយរូបទៀតគឺលោក Mark Zaid បានច្រានចោលនូវសេចក្ដីរាយការណ៍មួយដែលថា អ្នកលួចបញ្ចេញព័ត៌មានស្ថិតក្រោមការការពាររបស់សហព័ន្ធ ដោយសារតែមានការព្រួយបារម្ភផ្នែកសុវត្ថិភាព។
ក្រុមមេធាវីនេះបានចេញផ្សាយនូវច្បាប់ចម្លងនៃលិខិតមួយច្បាប់ដែលខ្លួនបានផ្ញើទៅកាន់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ ដោយនិយាយថា ពួកគេមានការព្រួយបារម្ភកើនឡើងពាក់ព័ន្ធនឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកលួចបញ្ចេញព័ត៌មានកាលពីសប្ដាហ៍មុន ហើយពួកគេគិតថា «ស្ថានការណ៍នេះនឹងកាន់តែអាក្រក់ជាងមុន»។
ក្រុមមេធាវីទាំងនេះបានលើកយកការលើកឡើងរបស់លោក Trump មកធ្វើជាភស្តុតាងសម្រាប់ការអះអាងដូចនេះ។ ក្រុមមេធាវីទាំងនោះបានបញ្ជាក់ទៀតថា ពួកគេដឹងថា មនុស្សមួយចំនួនត្រូវបានគេផ្ដល់លុយក្នុងចំនួនមួយយ៉ាងច្រើនដើម្បីតាមស្វែងរកអត្តសញ្ញាណរបស់អ្នកលួចបញ្ចេញព័ត៌មាននេះ។
នៅក្នុងលិខិតដាច់ដោយឡែកមួយផ្សេងទៀតដែលផ្ញើទៅកាន់សមាជិកកំពូលៗខាងគណបក្សប្រជាធិបតេយ្យ និងខាងគណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភា និងព្រឹទ្ធសភា ក្រុមមេធាវីទាំងនេះបានស្នើឲ្យសមាជិកសភាទាំងនោះ «និយាយការពារអ្នកលួចបញ្ចេញព័ត៌មាន និងឲ្យបញ្ជាក់ជាថ្មីថា នេះគឺជាប្រព័ន្ធការពារដែលមិនអនុញ្ញាតឲ្យមានការសងសឹកណាមួយកើតឡើងនោះទេ ទោះបីជាដោយផ្ទាល់ ឬក៏ដោយប្រយោលក៏ដោយ»៕