លោក Trump បានឈរចាប់ដៃលោក Kim Jong Un នៅខាងមុខទង់ជាតិអាមេរិក និងទង់ជាតិកូរ៉េខាងជើង នៅពេលចាប់ផ្តើមបើកកិច្ចប្រជុំកំពូលលើកទីពីររបស់មេដឹកនាំទាំងពីរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបដិសេធចំពោះការលើកឡើងថា លោកបានដើរថយក្រោយចំពោះការសន្យារបស់លោកនៅក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទាំងមូល។ នៅពេលអ្នកសារព័ត៌មានសួរថាតើអ្នកទាំងពីរនឹងប្រកាសពីការបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ដែលត្រូវបានផ្អាកដោយបទឈប់បាញ់គ្នាកាលពីឆ្នាំ១៩៥៣ដែរឬយ៉ាងណា? លោក Trump បានឆ្លើយថា «យើងនឹងរង់ចាំមើល»។
មេដឹកនាំកូរ៉េខាងជើង និងលោក Trump បានទទួលទានអាហារពេលល្ងាចរួមគ្នាហើយបន្ទាប់មកមានការប្រជុំគ្នារយៈពេលខ្លីមួយ ដែលមានតែអ្នកបកប្រែភាសានៅក្នុងកិច្ចប្រជុំនោះ។ អ្នកសារព័ត៌មានមួយក្រុមតូចដែលបានស្ថិតនៅក្នុងកិច្ចពិភាក្សាពេលជួបគ្នាភ្លាមៗរវាងមេដឹកនាំទាំងពីរបានឮលោក Kim សរសើរដល់ការសម្រេចចិត្តដ៏គួរឲ្យស្ងើចសរសើររបស់លោក Trump ដើម្បីចាប់ផ្តើមការសន្ទនាររបស់ពួកគេ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុននៅប្រទេសសិង្ហបុរី។
លោក Trump បាននិយាយទៅកាន់លោក Kim វិញថា «យើងបានធ្វើឲ្យមានការវិវត្តជាច្រើន ហើយខ្ញុំគិតថា ការវិវត្តដ៏ធំបំផុតមួយគឺទំនាក់ទំនងដ៏ល្អរបស់ពួកយើង»។ លោក Trump បាននិយាយកោតសរសើរប្រាប់ទៅលោក Kim ថា កូរ៉េខាងជើងជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចមិនគួរឲ្យជឿ៕