លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិយាយថា «អ្វីៗអាចកើតមានឡើងចំពោះការសម្រេចរបស់សហរដ្ឋអាមេរិកដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ហើយលោកប្រធានាធិបតីក៏បានច្រានចោលពីជំនួបដ៏សំខាន់មួយកាលពីឆ្នាំទៅរវាងកូនប្រុសរបស់លោកនិងមេធាវីជាតិរុស្ស៊ី។
លោកប្រធានាធិបតីត្រាំបានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីចរចាជាមួយប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំងថា«មិនមានជំនួបនេះកើតឡើងទាល់តែសោះ»។ នៅដើមសប្តាហ៍នេះ លោក Donald Trump Jr.កូនប្រុសច្បងបង្អស់របស់ប្រធានាធិបតីត្រាំ បានចេញសារអ៊ីម៉ែលដែលបង្ហាញថា ជំនួបជាមួយមេធាវីជាតិរុស្ស៊ីនោះគឺពិភាក្សាពីលទ្ធភាពនៃការធ្វើឲ្យខូចខាតឯកសារចំពោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
ការស៊ើបអង្កេតជាច្រើនរបស់សហរដ្ឋអាមេរិកកំពុងធ្វើឡើងអំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦ រួមមានការចោទប្រកាន់ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំបានឃុបឃិតជាមួយរុស្ស៊ីផង។
ស្តីពីការផ្លាស់ប្តូរអាកាសធាតុ លោកប្រធានាធិបតីបារាំង Macron បានទទួលស្គាល់ថា ភាគីទាំងបានខ្វែងគំនិតគ្នាលើបញ្ហានេះក៏ប៉ុន្តែ លោកបានគោរពការសម្រេចចិត្តរបស់លោកប្រធានាធិបតីត្រាំដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសនេះ។ លោកប្រធានាធិបតីត្រាំបាននិយាយថា ការចូលរួមឡើងវិញនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុនោះជាអ្វីដែលប្រហែលកើតមានឡើងនៅពេលអនាគត។ លោកប្រធានាធិបតីត្រាំមានប្រសាសន៍ថា «យើងនឹងឃើញអ្វីនឹងកើតមានឡើង»៕