អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រឈមនឹងបទចោទព្រហ្មទណ្ឌ៣៧ករណី ទាក់ទិននឹងការរក្សាទុកឯកសារសម្ងាត់ជាតិដោយមិនត្រឹមត្រូវ ក្រោយលោកចាកចេញពីសេតវិមាន មានរួមទាំងសំណុំឯកសារសម្ងាត់អំពីកម្មវិធីនុយក្លេអ៊ែរនិងកម្មវិធីការពារជាតិរបស់សហរដ្ឋអាមេរិកផងដែរ នេះបើតាមដីកាចោទប្រកាន់ ដែលត្រូវបានផ្សាយជាសាធារណៈ កាលពីថ្ងៃសុក្រទី៩ ខែមិថុនា។
ឯកសារចោទប្រកាន់នេះនិយាយថា មានករណីយ៉ាងតិចពីរដងដែលលោក Trump បានបង្ហាញឯកសារសម្ងាត់ទាំងនេះអំពីកិច្ចប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដល់ជនដែលគ្មានការអនុញ្ញាតខាងសន្តិសុខដើម្បីមើលឯកសារសម្ងាត់នេះ។ បើតាមដីកាចោទប្រកាន់នេះថា ឯកសារមួយក្នុងបណ្តាឯកសារសម្ងាត់ទាំងនេះជា «ផែនការវាយប្រហារ» ប្រឆាំងនឹងប្រទេសមួយទៀតដែលមន្ត្រីយោធាម្នាក់បានរៀបចំឡើង។
ក្នុងចំណោមការចោទប្រកាន់ទាំង៣៧ករណីនេះ មាន៣១ករណីទាក់ទិននឹងចេតនារក្សាទុកព័ត៌មានការពារជាតិ។ ករណីចោទប្រកាន់ឯទៀតៗទាក់ទិននឹងការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិត ការរារាំងនិងសេចក្តីថ្លែងការណ៍ក្លែងក្លាយ។ ករណីចោទប្រកាន់ទាំងនេះរួមបញ្ចូលគ្នា អាចធ្វើឱ្យលោក Trump ត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំ ប្រសិនបើតុលាការរកឃើញថាលោកមានទោស។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់លោក Trump ថា មិនអើពើនឹងការទាមទារឱ្យលោកប្រគល់ឯកសារដែលលោកបានយកពីសេតវិមានទៅទុកឯផ្ទះលោកក្នុងរដ្ឋ Florida នាប៉ែកខាងត្បូងប្រទេស និងនៅឯក្លិបកីឡាវាយកូនគោល (golf) របស់លោកក្នុងរដ្ឋ New Jersey នាផ្នែកឦសានប្រទេសហើយលោកបានឱ្យក្រុមជំនួយការលោកជួយលាក់ឯកសារទាំងនេះថែមទៀតផង។
លោក Walt Nauta ដែលជាជំនួយការម្នាក់របស់លោក Trump ក៏ប្រឈមនឹងការចោទប្រកាន់ក្នុងករណីនេះដែរ លោកបានត្រូវចោទប្រកាន់៦ករណី ថា បានជួយលោក Trump លាក់ឯកសារទាំងនេះ។ បើតាមការចោទប្រកាន់នេះថា លោក Trump បាននិយាយប្រាប់ក្រុមមេធាវីលោកថា លោកមិនចង់ឱ្យគេពិនិត្យមើលប្រអប់ឯកសារទាំងនេះដែលទុកក្នុងផ្ទះលោកនារដ្ឋ Florida ទេ។
បើតាមការចោទប្រកាន់ថា លោក Trump បាននិយាយប្រាប់មេធាវីម្នាក់របស់លោកថា៖ «តើវាស្រួលជាងទេ បើយើងគ្រាន់តែប្រាប់ពួកគេថា យើងគ្មានអ្វីនៅទីនេះទេនោះ?»
ដីកាចោទប្រកាន់បានពណ៌នាភូមិគ្រឹះ Mar-a-Lago របស់លោក Trump ថាជា ក្លិបសង្គមដ៍សកម្មមួយដែលទទួលភ្ញៀវរាប់ម៉ឺននាក់ នៅពេលឯកសារទាំងនេះត្រូវបានរក្សាទុកនៅទីនោះ។
ការចោទប្រកាន់នេះបាននិយាយថា លោក Trump បានទុកឯកសារសម្ងាត់ទាំងនេះនៅក្នុងបន្ទប់ជាច្រើននៃភូមិគ្រឹះលោកនៅរដ្ឋ Florida មានរួមបន្ទប់ទឹក សាលសម្រាប់រាំ បន្ទប់ទុកឥវ៉ាន់ ការិយាល័យនិងបន្ទប់គេង។
រដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិកលោក Jack Smith ដែលដឹកនាំការចោទប្រកាន់នេះបាននិយាយកាលពីថ្ងៃសុក្រទី៩ ខែមិថុនា នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់ពួកអ្នកកាសែតនៅរដ្ឋធានីវ៉ាស៊ីនតោនថា៖ «នៅក្នុងប្រទេសនេះយើងមានកម្រងច្បាប់[តែ]មួយ ហើយច្បាប់ទាំងនេះត្រូវអនុវត្តដល់មនុស្សគ្រប់ៗគ្នា»។
លោកបានថ្លែងថា៖ «ច្បាប់ទាំងឡាយរបស់យើងដែលការពារព័ត៌មានអំពីការការពារជាតិមានសារៈសំខាន់ណាស់ដល់សុវត្ថិភាពនិងសន្តិសុខរបស់សហរដ្ឋអាមេរិក ហើយគេត្រូវតែពង្រឹងច្បាប់ទាំងនេះ។ ការរំលោភលើច្បាប់ទាំងនោះនាំឱ្យប្រទេសយើងមានគ្រោះថ្នាក់»។
លោក Smith បានថ្លែងថា ដូចជាចុងចោទឯទៀតៗដែរ លោក Trump ត្រូវបានសន្មតថា គ្មានទោសពៃរ៍ទេ រហូតដល់លោកត្រូវបានរកឃើញថាមានទោស ហើយថា ការិយាល័យលោកនឹងស្វះស្វែងឱ្យមានការកាត់ក្តីយ៉ាងឆាប់រហ័សនៅចំពោះមុខគណៈវិនិច្ឆ័យមួយដែលមានសមាសភាពជាអ្នកស្រុករដ្ឋ Florida។
នៅលើបណ្តាញសង្គមរបស់លោកមានឈ្មោះថា Truth Social លោក Trump បានចោទលោក Smith កាលពីថ្ងៃសុក្រថា លោក Smith ជា«អ្នកស្អប់ Trump»។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូង
កាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនា មហាគណៈវិនិច្ឆ័យសហព័ន្ធមួយក្នុងរដ្ឋ Florida បានចោទប្រកាន់លោក Trump ដែលនេះធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីអាមេរិកាំងទីមួយក្នុងប្រវត្តិសាស្ត្រដែលត្រូវចោទប្រកាន់កម្រិតសហព័ន្ធ។
នៅពេលខ្លីបន្ទាប់មក លោក Trump បានបញ្ជាក់អំពីការចោទប្រកាន់លោកនេះតាមបណ្តាញសង្គមTruth Social ដោយលោកបាននិយាយថា លោកត្រូវបានកោះហៅឱ្យទៅបង្ហាញខ្លួនក្នុងតុលាការក្នុងក្រុង Miami នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា។
លោក Trump បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ថា៖ «រដ្ឋបាលពុករលួយរបស់លោក Biden បានប្រាប់ពួកមេធាវីខ្ញុំថា ខ្ញុំត្រូវបានចោទប្រកាន់ ទំនងអំពីប្រអប់បញ្ឆោតទាំងនោះ» ដោយលោក Trump ទំនងនិយាយបញ្ឆិតបញ្ឆៀងអំពីប្រអប់ឯកសារសម្ងាត់របស់រដ្ឋាភិបាលដែលត្រូវរឹបអូសដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ពីភូមិគ្រឹះលោកនារដ្ឋ Florida កាលពីចុងខែសីហាឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមវីដេអូ លោក Trump បានអះអាងដោយរឹងទទឹងថារដ្ឋបាលលោកប្រធានាធិបតី Joe Biden បានយកក្រសួងយុត្តិធម៌និងការិយាល័យ FBI «ធ្វើជាអាវុធ» ដើម្បីយកលោកជាទីដៅវាយប្រហារ។
លោក Trump បាននិយាយថា៖ «ខ្ញុំជាបុរសគ្មានទោសពៃរ៍ម្នាក់ ខ្ញុំជាមនុស្សម្នាក់គ្មានទោសពៃរ៍ទេ។ យើងមិនអាចឱ្យមានការណ៍នេះតទៅទៀតទេពីព្រោះវាធ្វើឱ្យប្រទេសយើងបែកបាក់គ្នាខ្លាំង»។
កាលពីថ្ងៃសុក្រ លោក Biden បានបដិសេធមិនអធិប្បាយអំពីការចោទប្រកាន់នេះទេ។
នៅពេលត្រូវសួរដោយក្រុមអ្នកសារព័ត៌មានក្នុងរដ្ឋ North Carolina ថា តើលោក Biden បាននិយាយជាមួយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Merrick Garland ឬទេ លោក Biden បានឆ្លើយថា៖ «ខ្ញុំមិនបាននិយាយជាមួយលោកទេ ហើយខ្ញុំក៏នឹងមិននិយាយជាមួយលោកដែរ»។
សេតវិមានបាននិយាយថា លោក Biden មិនបានដឹងជាមុនអំពីដីកាចោទប្រកាន់លោក Trump នេះទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
អ្នកឆ្លើយឆ្លងវីអូអខាងផ្នែកយុត្តិធម៌លោក Masood Farivar ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានជាតិលោក Steve Herman អ្នកឆ្លើយឆ្លងផ្នែកសន្តិសុខជាតិលោក Jeff Seldin និងអ្នកឆ្លើយឆ្លងនៅសភាជាតិ អ្នកស្រី Katherine Gypson រួមចំណែកដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះត្រូវបានដល់ស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Associated Press និង Reuters។