នៅក្នុងវិធានការដែលមិនធ្លាប់មានពីមុនមក មហាគណៈវិនិច្ឆ័យសហព័ន្ធនៅក្នុងរដ្ឋ Florida ភាគខាងត្បូងសហរដ្ឋអាមេរិក បានចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trumpកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីបទរក្សាទុកឯកសារសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក មិនបានត្រឹមត្រូវ បន្ទាប់ពីលោកបានផុតអាណត្តិជាប្រធានាធិបតីនិងចាកចេញពីសេតវិមាន ដែលការណ៍នេះបានធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីអាមេរិកទី ១ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលប្រឈមនឹងការចោទប្រកាន់របស់តុលាការសហព័ន្ធ។
ដីកាចោទប្រកាន់ ដែលមានបទចោទចំនួន ៧ ករណី ហើយដែលមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះ បានចោទប្រកាន់លោក Trump ក្នុងចំណោមបទចោទផ្សេងៗទៀត ពីការបំពានទៅលើច្បាប់សហព័ន្ធ ដែលបានហាមប្រាមមិនឱ្យរក្សាទុក «ព័ត៌មានការពារជាតិ » ដែលជាបទឧក្រិដ្ឋមួយ ដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
លោក Trump បានបញ្ជាក់ពីការទទួលបាននូវដីកាចោទប្រកាន់នេះ នៅក្នុងបណ្តាញសង្គមរបស់លោក ដែលមានឈ្មោះថា «Truth Social» ដោយនិយាយថា លោកត្រូវបានកោះហៅឱ្យទៅបង្ហាញខ្លួននៅក្នុងតុលាការ ក្នុងទីក្រុង Miami ក្នុងរដ្ឋ Florida នៅថ្ងៃអង្គារខាងមុខនេះ។
លោក Trump បានសរសេរសារបង្ហោះលើបណ្តាញសង្គមរបស់លោកថា៖ «រដ្ឋបាលពុករលួយរបស់លោក Biden បានជូនដំណឹងមកដល់ក្រុមមេធាវីរបស់ខ្ញុំថា ខ្ញុំត្រូវបានតុលាការកោះហៅ ជុំវិញរឿងបញ្ហារក្សាទុកឯកសារដែលពួកគេប្រតិដ្ឋឡើង»។ លោក Trump បានលើកឡើងនៅក្នុងសាររបស់លោក ដោយចង់សំដៅទៅលើកញ្ចប់ឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិក ដែលត្រូវបានការិយាល័យស៊ើបអង្កេត FBI បានរឹបអូសយកពីភូមិគ្រឹះរបស់លោក ក្នុងរដ្ឋ Florida កាលពីខែសីហា ឆ្នាំមុន។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Trump បាននិយាយថា រដ្ឋបាលរបស់លោក Joe Biden កំពុងប្រើប្រាស់ក្រសួងយុត្តិធម៌អាមេរិកនិងទីភ្នាក់ងារស៊ើបអង្កេត FBI ធ្វើជាអាវុធសំដៅលើរូបលោក។
ក្រុមអ្នកគាំទ្រនិងស្មោះស្ម័គ្រជាមួយលោក Trump បានសម្តែងការគាំទ្រជាខ្លាំងដល់លោក។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកនៃគណបក្សសាធារណរដ្ឋ តំណាងឱ្យរដ្ឋ Ohio និងជាប្រធានគណៈកម្មាធិការតុលាការរបស់រដ្ឋសភាអាមេរិក លោក Jim Jordan បាននិយាយថា៖ «នេះជាថ្ងៃដ៏សោកសៅមួយសម្រាប់ប្រទេសអាមេរិក។ សូមព្រះជួយប្រទានពរជ័យដល់លោកប្រធានាធិបតី Trump ផង»៕