ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនការព្យាករណ៍របស់លោកអំពីថាតើមនុស្សប៉ុន្មាននាក់នឹងស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក។ ជាងនេះទៀត លោកបានសន្យាផ្ដល់ជំនួយសេដ្ឋកិច្ចបន្ថែម ស្របពេលដែលលោកកំពុងសម្លឹងមើលក្នុងការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងប្រទេសបន្ថែមទៀត។
លោក Trump បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា៖ «យើងនឹងឃើញមានការបាត់បង់ជីវិតមនុស្សពី ៧ ម៉ឺន ៥ ពាន់ រហូតដល់ ១ សែននាក់។ នេះជារឿងដ៏គួរឲ្យរន្ធត់»។
កាលពីសប្ដាហ៍មុន លោកបាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក អាចមានចន្លោះពី ៦ ម៉ឺន ទៅ ៧ ម៉ឺននាក់។
ស្របពេលដែលព្រឹទ្ធសភាត្រៀមបើកសម័យប្រជុំឡើងវិញនៅថ្ងៃច័ន្ទនេះ លោក Trump បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ អាចបង្កើនជំនួយសង្គ្រោះបន្ទាន់ក្នុងទឹកប្រាក់ ៣ ពាន់លានដុល្លារនៅពេលបច្ចុប្បន្ននេះឲ្យបានទ្វេដង។ កន្លងមក ថវិកាទាំងនេះបានជួយអាជីវកម្មតូចតាចនានាឲ្យនៅអាចដំណើរការបាន ជួយផ្ដល់គ្រឿងបរិក្ខារនានាឲ្យមន្ទីរពេទ្យ និងផ្ដល់ជំនួយជាថវិកាផ្ទាល់ដល់ពលរដ្ឋអាមេរិកាំង។
គិតត្រឹមថ្ងៃអង្គារខាងមុខ រដ្ឋជាង ៣០ ក្នុងចំណោមរដ្ឋទាំង ៥០ នៅសហរដ្ឋអាមេរិក នឹងបើកដំណើរការសេដ្ឋកិច្ចឡើងវិញខ្លះៗ។
ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញគឺជាអាទិភាពរបស់លោក Trump ដោយសារតែសកម្មភាពសេដ្ឋកិច្ចមានដំណើរការយឺតយ៉ាវខ្លាំង ហើយមនុស្សរាប់លាននាក់បានបាត់បង់ការងារធ្វើ៕