លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោក «មានការជឿជាក់ខ្លាំង» ថាវីរុសកូរ៉ូណាប្រភេទថ្មីដែលកំពុងរាតត្បាតជាសាកល មានប្រភពពីមន្ទីរពិសោធន៍មួយរបស់ចិន។ ការអះអាងរបស់លោកបែបនេះ ផ្ទុយពីការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពូលរបស់លោកដែលត្រូវបានផ្សាយជាសាធារណៈតែប៉ុន្មានម៉ោងមុននោះ។
ខណៈដែលអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របថាជំងឺរាតត្បាតកូវីដ១៩ដែលបង្កដោយវីរុសកូរ៉ូណា មានប្រភពនៅទីក្រុងវូហានប្រទេសចិននោះ មានការមន្ទិលមិនចេះចប់ថា តើវីរុសនេះបានឆ្លងពីសត្វមកមនុស្សដោយរបៀបណា ដោយគេឃើញថា ក្រុមអ្នកមានជំនឿមិនមានភស្តុតាងអំពីផែនការឃុបឃិតនៅតែជឿថាជំងឺកូវីដ១៩ត្រូវបានបង្កើតដោយមនុស្ស។
ក៏ប៉ុន្តែក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបដិសេធលទ្ធភាពដែលថាវីរុសបង្កើតដោយមនុស្ស។
ការិយាល័យនៃប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិកនិយាយថា សហគមន៍អ្នកស៊ើបការណ៍សម្ងាត់អាមេរិកយល់ស្របជាមួយការឯកភាពគ្នាក្នុងចំណោមអ្នកវិទ្យាសាស្ត្រដែលថា កូវីដ១៩ មិនត្រូវបានបង្កើតឡើងដោយមនុស្សឬតាមការបម្លែងហ្ស៊ែនទេ។
នៅពេលលោកប្រធានាធិតបតី ត្រាំ ត្រូវបានសាកសួរកាលពីថ្ងៃព្រហស្បតិ៍ថាតើលោកបានឃើញភស្តុតាងពីមន្ត្រីស៊ើបការណ៍អាមេរិកដែលថាកូវីដ១៩បានចេញពីមន្ទីរពិសោធន៍នៅវិទ្យាស្ថានវូហានសម្រាប់ការសិក្សារីរុសសាស្ត្រដែរឬទេនោះ លោកប្រធានាធិបតីថាឆ្លើយថា «បាទខ្ញុំបានឃើញ»ប៉ុន្តែលោកបដិសេធមិនអាចចែករំលែកសេចក្តីលម្អិតទេ។ លោកបន្ថែមថា៖ «ខ្ញុំមិនត្រូវគេអនុញ្ញាតឲ្យប្រាប់អ្នកទេ»។
សេចក្តីថ្លែងការណ៍របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកមិនបានបដិសេធចោលទេ នូវលទ្ធភាពដែលថាការផ្ទុះរាតត្បាតនៃកូវីដ១៩នៅតែជាប់ទាក់ទងអ្នកស្រាវជ្រាវចិន ដោយអាចជាលទ្ធផលនៃព្រឹត្តិការណ៍អចេតនាដែលបានកើតឡើងនៅមន្ទីរពិសោធន៍វូហាននោះ។
ការិយាល័យនៃប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក បន្តថា៖ «សហគមន៍ស៊ើបការណ៍សម្ងាត់នឹងបន្តពិនិត្យយ៉ាងហ្មត់ចត់នូវរាល់ព័ត៌មាននិងការសម្ងាត់ថ្មីដែលលេចឡើងដើម្បីកំណត់បានថាតើការផ្ទុះឆ្លងរាតត្បាតនេះដំបូងឡើងពីការទាក់ទងជាមួយសត្វដែលផ្ទុកវីរុសឬវាជាលទ្ធផលនៃឧបទ្ទវហេតុនៅមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន»។
វិទ្យាស្ថានវូហានសម្រាប់ការសិក្សាវីរុសសាស្ត្រ (Wuhan Institute of Virology) ដែលគាំទ្រដោយរដ្ឋាភិបាលចិន បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ដែលថាវិទ្យាស្ថាននេះជាប្រភពនៃការផ្ទុះដំបូងនៃកូវីដ១៩ ហើយអ្នកជំនាញជាច្រើនបាននិយាយថា វីរុសនេះទំនងបានឆ្លងពីសត្វមកមនុស្សនៅផ្សារលក់សត្វព្រៃមួយកន្លែងនៅក្បែរនោះ។
ក៏ប៉ុន្តែលោកប្រធានាធិបតីបានសម្តែងមន្ទិលជាបន្តបន្ទាប់ចំពោះការបដិសេធរបស់ប្រទេសចិន ដោយលោកបានចោទប្រកាន់ទាំងរដ្ឋាភិបាលទីក្រុងប៉េកាំង និងអង្គការសុខភាពពិភពលោក WHO ថាបានបង្វែរឲ្យពិភពលោកយល់ខុសពីរយៈពេលនិងរបៀបដែលវីរុសកូរ៉ូណាបានចាប់ផ្តើមរាតត្បាតជាសាកល។
លោកត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា «មានទ្រឹស្តីជាច្រើនអំពីរឿងនេះ» ដោយលោកបន្ថែមថា មន្ត្រីចិនត្រូវបញ្ឈប់ការលាក់បាំងព័ត៌មានលម្អិតសំខាន់ៗ។ លោកបានបន្ថែមទៀតថា «មកទល់នឹងពេលនេះខ្ញុំឃើញថាប្រទេសចិនកំពុងព្យាយាមធ្វើឲ្យមានតម្លាភាពខ្លះដែរជាមួយយើង»។
មន្ត្រីជាន់ខ្ពស់អាមេរិកដទៃទៀតដូចជាលោករដ្ឋមន្ត្រីការបរទេស Mike Pompeo ក៏បានសម្តែងមន្ទិលចំពោះឆន្ទៈរបស់ចិនក្នុងការចេញមុខចែករំលែកព័ត៌មានសំខាន់ៗ។
ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុមួយក្នុងរដ្ឋ Iowa លោក Pompeo បាននិយាយថា នៅមានភាពមិនប្រាកដប្រជាជាច្រើនទៀតទាក់ទងនឹងប្រភពនៃវីរុសនេះ។
លោក Pompeo ថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនដឹងច្បាស់ថាតើវីរុសនេះបានចេញមកពីវិទ្យាស្ថានវូហានសម្រាប់ការសិក្សាវិរុសសាស្ត្រឬនោះទេ។ យើងមិនដឹងថាតើវាបានចេញមកពីផ្សារឬកន្លែងផ្សេងទៀត។ យើងមិនដឹងចម្លើយទាំងនេះទេ»។
ទោះបីមានឬមិនមានភស្តុតាងថ្មីបានលេចឡើងក្តីក៏សេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ពីការិយាល័យនៃប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក ទំនងបង្ហាញថាមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកយ៉ាងហោចណាស់មានការយល់ដឹងច្រើនជាងមុនអំពីព្រឹត្តិការណ៍ដែលបានកើតឡើង។
ពីរសប្តាហ៍មុននោះ មន្ត្រីស៊ើបការណ៍សម្ងាត់មួយរូបបានថ្លែងប្រាប់ VOA ថា ទោះបីជាទីភ្នាក់ងារនានា «បានព្យាយាមឈ្មុះឈ្មុលស៊ើបរកគ្រប់ព័ត៌មានទាំងអស់ដែលរកបាន»ក្តីក៏សហគមន៍អ្នកស៊ើបការណ៍សម្ងាត់អាមេរិក «រួមគ្នាមិនទាន់បានឯកភាពគ្នាទៅលើទ្រឹស្ត្រីមួយណាទេ»។
ប៉ុន្តែអតីតមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកខ្លះមានមន្ទិលចំពោះការថ្លែងកាលពីថ្ងៃព្រហស្បតិ៍របស់ការិយាល័យនៃប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក ដោយពួកគេចង្អុលបង្ហាញទៅលើអ្វីដែលពួកគេចាត់ទុកថាជាកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីត្រាំដើម្បីធ្វើឲ្យស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកមានលក្ខណៈនយោបាយ។
លោក Paul Pillar អតីតមន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលតែងបានរិះគន់រដ្ឋបាលលោកត្រាំ និយាយថា៖ «ស្ថានភាពនេះពិតជាចម្លែក ហើយបង្ហាញពីលក្ខណៈនយោបាយនៃប្រធានបទរឿងនេះ ខណៈដែលរដ្ឋបាលលោក ត្រាំ ព្យាយាមបង្វែរចំណាប់អារម្មណ៍ពីសមត្ថភាពគ្រប់គ្រងរបស់រដ្ឋបាលនេះក្នុងអំឡុងនៃវិបត្តិជំងឺរាតត្បាតនេះ»។
លោក Pillar ដែលសព្វថ្ងៃនេះបម្រើការនៅសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថ្លែងថា៖ «សេចក្តីថ្លែងការណ៍នេះហាក់ដូចជាការសម្របសម្រួលមួយដែលធ្វើឲ្យគេមើលមកថាសហគមន៍ស៊ើបការណ៍កំពុងធ្វើការយ៉ាងឯករាជ្យ ដោយមិនប៉ះពាល់ដល់សារនយោបាយដែលសេតវិមាននិយមចោទប្រកាន់អំពីអំពើទុច្ចរិតរបស់ចិន»។
ប៉ុន្តែអ្នកខ្លះទៀត មើលឃើញសេចក្តីថ្លែងការណ៍នេះថាជាចំណាត់ការឈ្លាសវៃមួយ ក្នុងបរិបទបច្ចុប្បន្នដែលមានការផ្សាយព័ត៌មានទាក់ទងនឹងជំងឺរាតត្បាតនេះពីគ្រប់ទីកន្លែង។
លោក Larry Pfeiffer អតីតប្រធានខុទ្ទកាល័យនៃទីភ្នាក់ងារ CIA និងជាអតីតប្រធានបន្ទប់ឃ្លាំមើលសភាពការណ៍ Situation Room នៅសេតវិមាន ដែលកន្លងមកបានរិះគន់រដ្ឋបាលលោកត្រាំ ដែរនោះ ថ្លែងថា៖ «ខ្ញុំមិនគិតថាសេចក្តីថ្លែងការណ៍នេះជាការបង្វែរឬបំផ្លើសរបស់អាមេរិកទេ។ ខ្ញុំសូមសាទរការិយាល័យនៃប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក ដែលបានចេញមុខមកបញ្ជាក់ឲ្យបានច្បាស់ជាងមុនអំពីស្ថានភាពនេះ»។
សេចក្តីថ្លែងការណ៍របស់ការិយាល័យផ្នែកស៊ើបការណ៍សម្ងាត់ជាតិនេះក៏បង្ហាញសញ្ញានៃតួនាទីសាធារណៈសំខាន់ជាងមុនរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទៅអនាគតដែរ។
លោក Daniel Hoffman អតីតមន្ត្រីជាន់ខ្ពស់ CIA ដែលចូលនិវត្តន៍មានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះជាពេលវេលាដ៏លំបាកមួយ។ មានព័ត៌មានប្រឌិត ព័ត៌មានមិនពិត និងភាពល្ងង់ខ្លៅជាច្រើននៅពេលនេះ»។
សម្រាប់លោក Hoffman ស្ថានភាពនៃព័ត៌មានមិនច្បាស់លាស់នេះ កាន់តែលំបាកមួយកម្រិតថែមទៀតដោយសារប្រទេសចិនបានបដិសេធមិនផ្តល់ព័ត៌មានដោយឥរិយាបទឆាប់រហ័សនិងតម្លាភាពអំពីប្រភពដើមនៃវីរុសនេះ។
លោកថ្លែងថា ហេតុនេះ«យើងត្រូវពឹងផ្អែកលើសហគមន៍អ្នកស៊ើបការណ៍សម្ងាត់របស់យើងដើម្បីប្រមូលព័ត៌មានដែលយើងយល់មិនទាន់ច្បាស់»។
ប្រែសម្រួលដោយសឹង សុផាត