សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានហាមឃាត់ការទិញប័ណ្ណបំណុលឬភាគហ៊ុនរបស់ប្រទេសវ៉េណេស៊ុយអេឡានៅក្នុងចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីដាក់គំនាបលើរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro។
បទបញ្ជាប្រធានាធិបតីបានចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ បានរារាំងសហរដ្ឋអាមេរិកមិនឲ្យធ្វើជំនួញជាមួយរដ្ឋាភិបាលរបស់លោក Maduro ហើយនិងក្រុមហ៊ុនប្រេងរដ្ឋ PDVSA។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ពួកអ្នកយកព័ត៌មាននៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉កថា៖ «យើងនឹងមិនអត់ឱនដល់ការដឹកនាំផ្តាច់ការដែលជននោះកំពុងព្យាយាមបង្កើតហើយយើងនិងមិនគោរពសភាដ៏គួរឲ្យខ្មាសអៀននោះទេ។ យើងមិនមានជម្រើសទេ មានតែត្រូវចាត់វិធានការហើយនិងដាក់ទណ្ឌកម្មដើម្បីធ្វើឲ្យមានការយកចិត្តទុកដាក់»។
លោក Jorge Arreaza រដ្ឋមន្រ្តីការបរទេសនៃប្រទេសវ៉េណេស៊ុយអេឡាបានឆ្លើយតបកាលពីថ្ងៃសុក្រដល់សេចក្តីប្រកាសនៃការដាក់ទណ្ឌកម្មថ្មី ខណៈដែលលោកនៅឯអង្គការសហប្រជាជាតិដើម្បីពិភាក្សាស្ថានការណ៍នៅក្នុងប្រទេសរបស់លោកជាមួយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។
លោករដ្ឋមន្រ្តីការបរទេសវ៉េណេស៊ុយអេឡាបានសួរថា៖ «តើសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឲ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសរបស់យើងឬ? តើសហ រដ្ឋអាមេរិកចង់បានអ្វី? តើសហរដ្ឋអាមេរិកចង់ធ្វើឲ្យពលរដ្ឋវ៉េណេស៊ុយអេឡាអត់បាយស្លាប់ឬ?៕