នៅថ្ងៃចន្ទនេះ ក្រុមមេធាវីសេតវិមានគ្រោងនឹងបញ្ជូនសេចក្ដីសង្ខេបអំពីអំណះអំណាងរបស់ពួកគេនៅក្នុងសវនាការកាត់ទោសដើម្បីដកតំណែងលោកប្រធានាធិបតី Donald Trump។
នៅក្នុងការឆ្លើយតបខ្លីជាងនេះកាលពីលើកមុនចំពោះបទចោទប្រកាន់លោក Trump មេធាវីសេតវិមានលោក Pat Cipollone និងលោក Jay Sekulow បាននិយាយថា ព្រឹទ្ធសភាត្រូវតែច្រានចោលការចោទប្រកាន់ទាំងនេះ ដោយសារតែបទចោទទាំងនេះ «ផ្អែកលើការបន្លំន័យដ៏គ្រោះថ្នាក់នៃរដ្ឋធម្មនុញ្ញដែលអាចប៉ះពាល់រយៈពេលយូរដល់រចនាសម្ព័ន្ធរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក»។
ក្រុមមេធាវីនេះអះអាងថា រដ្ឋសភាកំពុងព្យាយាមធ្វើឲ្យចុះខ្សោយដល់អំណាចរបស់ប្រធានាធិបតីនៅក្នុងការកំណត់អំពីគោលនយោបាយការបរទេស ហើយរដ្ឋសភាកំពុងតែព្យាយាមគ្រប់គ្រង និងដាក់ទោសទណ្ឌលើអង្គនីតិប្រតិបត្តិសម្រាប់ការណ៍ដែលអង្គនីតិប្រតិបត្តិនេះប្រើប្រាស់បុព្វសិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ។
ទាក់ទិននឹងការចោទប្រកាន់របស់រដ្ឋសភាដែលថាលោក Trump បានរំលោភអំណាច ដោយសារលោកបានស្នើបរទេសឲ្យស៊ើបអង្កេតលើគូប្រជែងនយោបាយរបស់លោកនោះ ក្រុមមេធាវីទាំងនេះអះអាងថា រដ្ឋសភាកំពុងព្យាយាមធ្វើឲ្យចុះខ្សោយដល់អំណាចរបស់ប្រធានាធិបតីនៅក្នុងការកំណត់អំពីគោលនយោបាយការបរទេស។
ចំណែកឯពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថាលោក Trump បានរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដោយសារលោកបានបញ្ជាមិនឲ្យសមាជិកនៃអង្គនីតិប្រតិបត្តិរបស់លោកគោរពតាមដីកាកោះហៅរបស់រដ្ឋសភាវិញ ក្រុមមេធាវីទាំងនេះបានបញ្ជាក់ថា សកម្មភាពដែលលោក Trump បានធ្វើទាំងនោះគឺស្របច្បាប់ ដោយសារតែវាជាការសម្ដែងឡើងនូវ «ផលប្រយោជន៍រក្សាការសម្ងាត់ដែលមានចែងនៅក្នុងផ្នែកបែងចែកអំណាច»។
សមាជិករដ្ឋសភាដែលដើរតួជារដ្ឋអាជ្ញាបានបញ្ជូនសេចក្ដីសង្ខេបលើអង្គហេតុនៃរឿងក្ដីនេះទៅកាន់ព្រឹទ្ធសភារួចហើយ ដោយបាននិយាយថា «ភស្តុតាងជាច្រើនបង្ហាញ» យ៉ាងច្បាស់ថា លោក Trump មានកំហុសទាក់ទិននឹងបទចោទប្រកាន់ទាំងពីរនេះ៕