ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់សមាជិកកងទ័ពគ្រប់សាខាទាំងអស់ដែលនៅក្រៅប្រទេសដើម្បីជូនពរបុណ្យសម្តែងការដឹងគុណ (Thanksgiving) និងអរគុណពួកគេចំពោះការបម្រើជាតិ។
ប៉ុន្តែនៅពេលត្រូវបានសួរថា នៅពេលណាលោកនឹងទៅជួបពួកគេដោយផ្ទាល់ លោកមិនមានចម្លើយច្បាស់លាស់ទេ។ លោកប្រធានាធិបតីបានជូនពរទាហានការពារដែនសមុទ្រនៅជិតផ្ទះរបស់លោកនៅ Palm Beach រដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍។
តុបាយនៅពេលបុណ្យសម្តែងការដឹងគុណ Thanksgiving នៅស.រ.អា.ជាធម្មតាមានម្ហូបមាន់ Turkey ដុតជាមួយគ្រឿងដែលមានរសជាតិឆ្ងាញ់ និងមានមុខម្ហូបជាច្រើននិងបង្អែមនំល្ពៅ។ តែតុបាយបុណ្យសម្តែងការដឹងគុណ Thanksgiving នៅមូលដ្ឋានយោបាយ Coast Guard Station Lake Worth Inlet មានតែនំស៊ាំងវិច ផ្លែឈើនិងភេសជ្ជៈយកពីនាវាមុជទឹក។ លោក ត្រាំ បាននិយាយជាមួយទាហានទាំងនោះនិងបានថតរូបជាមួយគ្នា។
នៅពេលមុននោះ លោកបានធ្វើសន្និសីទតាមទូរស័ព្ទជាមួយទាហានអាមេរិក ដែលប្រចាំការនៅក្រៅប្រទេស ដោយលោកថ្លែងថា៖ «ប្រទេសជាតិកំពុងដំណើរការល្អខាងសេដ្ឋកិច្ច ល្អប្រសើរជាងប្រទេសដទៃក្នុងពិភពលោក។ យើងគឺជាប្រទេសសំខាន់ក្នុងពិភពលោកហើយវាល្អដែលដឹងថា អ្នកកំពុងប្រយុទ្ធ។ អ្នកកំពុងប្រយុទ្ធដើម្បីអ្វីដែលកំពុងដំណើរការល្អ ហើយនោះគឺប្រទេសរបស់យើង»។
ជាធម្មតាកំឡុងថ្ងៃឈប់សម្រាក ប្រធានាធិបតីអាមេរិកត្រូវនិយាយសួរសុខទុក្ខទាហានដែលទៅបំពេញភារកិច្ចឆ្ងាយពីផ្ទះ។ ពេលខ្លះពួកគេធ្វើទស្សនកិច្ចដោយផ្ទាល់ ដូចដែលលោកអតីតប្រធានាធិបតី George W. Bush ធ្លាប់បានធ្វើនៅឆ្នាំ២០០៣ ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលពេលលោកទៅសួរសុខទុក្ខទាហាននៅអ៊ីរ៉ាក់នៅពេលបុណ្យសម្តែងការដឹងគុណ Thanksgiving ដោយមិនឲ្យដឹងមុខ។ លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានធ្វើទស្សនកិច្ចទាហានអាមេរិកនៅក្រៅប្រទេសក្នុងឱកាសជាច្រើន។ លោក ត្រាំ ត្រូវបានរិះគន់ចំពោះការមិនទាន់ទៅសួរសុខទុក្ខកងទ័ពអាមេរិកនៅបរទេស។
នៅពេលត្រូវបានគេសួរថា តើលោកមានគម្រោងទៅអាហ្វហ្គានីស្ថានទេ? លោកបានឆ្លើយថា៖ «យើងនឹងធ្វើអ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅពេលសមស្រប»។
នៅពេលអ្នកយកព័ត៌មានសួរថា តើលោកដឹងកាលបរិច្ឆេទពិតប្រាកដទេ? លោកប្រធានាធិបតីឆ្លើយថា៖ «ខ្ញុំដឹងថ្ងៃទៅ ប៉ុន្ដែខ្ញុំមិនអាចប្រាប់អ្នកបានទេ» ។
បន្ទាប់ពីការវាយប្រហារដោយភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពទៅអាហ្វហ្គានីស្ថានដើម្បីបណ្តេញពួកតាលីបង់ចេញពីអំណាច។ ពួកតាលីបង់ កំពុងធ្វើសង្គ្រាមជាថ្មីប្រឆាំងនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ថ្មីៗនេះ បេសកជនម្នាក់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយពួកតាលីបង់។
លោកប្រធានាធិបតីនិយាយថា៖ «យើងកំពុងធ្វើការចរចាយ៉ាងស្វិតស្វាញនៅអាហ្វហ្គានីស្ថាននាពេលឥឡូវនេះ ដែលមនុស្សជាច្រើនមិនដឹងអំពីរឿងនេះ។ នេះអាចជាការចរចាលើកដំបូង»។
ប៉ុន្តែលោកប្រធានាធិបតីបានទទួលស្គាល់ថា កិច្ចចរចានេះអាចមិនទទួលបានជោគជ័យទេ។
«ខ្ញុំមិនដឹងថា ពួកគេនឹងទទួលជោគជ័យឬយ៉ាងណាទេ។ ប្រហែលជាអត់ទេ។ គ្នានអ្នកណាដឹងទេ។ ពួកគេអាចទទួលបានជោគជ័យឬមិនទទួលបានជោគជ័យ» ។
បេសកកម្មយោធានៅអាហ្វហ្គានីស្ថានបានធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់ជិត១លានលានដុល្លារហើយបាត់បង់ជីវិតទាហានអាមេរិកជាង២៤០០នាក់៕
លោក ពិន ស៊ីសុវណ្ណប្រែសម្រួល