លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានកំណត់ធ្វើការបោះឆ្នោតនៅពេលថ្ងៃត្រង់នាថ្ងៃចន្ទនេះ ដើម្បីឈានទៅដល់ការបើករដ្ឋាភិបាលឡើងវិញ។
សមាជិកសភានឹងធ្វើការបោះឆ្នោតលើច្បាប់ថវិកាថ្មីបណ្ដោះអាសន្នមួយដើម្បីផ្គត់ផ្គង់ការចំណាយរបស់រដ្ឋាភិបាលសម្រាប់រយៈពេលយ៉ាងតិច ៣ សប្ដាហ៍ទៅមុខទៀត។
មេដឹកនាំ និងសមាជិកនៃគណបក្សទាំងពីរបានចំណាយពេលពេលមួយថ្ងៃកាលពីថ្ងៃអាទិត្យម្សិលមិញដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយបញ្ចប់ភាពជាប់គាំងពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ ដែលជាបញ្ហាមួយបង្អាក់ដល់ការអនុម័តច្បាប់ថវិកាដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលមួយផ្នែកធំត្រូវបិទដំណើរការ។
កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ អ្នកសម្របសម្រួលលោកស្រី Susan Collins ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Maine បានប្រាប់អ្នកសារព័ត៌មានថា សហសេវិករបស់លោកស្រីចំនួន ២២ នាក់ ប្ដេជ្ញាថានឹងស្វែងរកដំណោះស្រាយចំពោះភាពជាប់គាំងនេះ។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ South Carolina លោក Lindsay Graham បានប្រាប់អ្នកសារព័ត៌មានថា បញ្ហាសំខាន់គឺថា លោក Mitch McConnell ចាំបាច់ត្រូវយល់ថា បន្ទាប់ពីច្បាប់ថវិកាបណ្ដោះអាសន្ននេះត្រូវបានអនុម័ត ព្រឹទ្ធសភាត្រូវដោះស្រាយបញ្ហាអន្តោប្រវេសន៍នៅក្នុងផ្នែកមួយនៃច្បាប់ថវិការយៈពេលវែង។
រដ្ឋសភាបានអនុម័តច្បាប់ថវិកានេះកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ប៉ុន្តែ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យកន្លងមកបានប្រឆាំង ដោយទាមទារឲ្យមានការការពារពីការបញ្ជូនចេញពីសហរដ្ឋអាមេរិកនូវជនអន្តោប្រវេសន៍វ័យក្មេងដែលបានចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់កាលពីពួកគេនៅជាកុមារ៕