ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ៖ ការ​ប្រជុំ​ជាមួយ​អភិបាល​រដ្ឋ​នៅ​ក្នុង​ស.រ.អា.​ផ្ដោត​លើ​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​ក្នុង​រដ្ឋ Florida


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អភិបាល​រដ្ឋ​ នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​រដូវ​រងា​ប្រចាំ​ឆ្នាំ (Annual Winter Meetings) នៅ​ក្នុង​បន្ទប់ Governor's Ball ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អភិបាល​រដ្ឋ​ នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​រដូវ​រងា​ប្រចាំ​ឆ្នាំ (Annual Winter Meetings) នៅ​ក្នុង​បន្ទប់ Governor's Ball ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ឯ​វិទ្យាល័យ​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Florida នៅ​ក្នុង​ខែ​នេះ គឺ​ជា​ចំណុច​ផ្ដោត​ដ៏​សំខាន់​សម្រាប់​ការ​ពិភាក្សា​របស់​អភិបាល​រដ្ឋ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក ត្រាំ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ស្វាគមន៍​អភិបាល​រដ្ឋ​ទាំង​នោះ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ខ្ញុំ​គិត​ថា យើង​នឹង​ផ្ដោត​លើ​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​មួយ​កន្លែង​ក្នុង​រដ្ឋ Florida នៅ​ក្នុង​ការ​ពិភាក្សា​របស់​យើង ដោយសារតែ​យើង​ត្រូវតែ​បញ្ចប់​នូវ​អំពើ​បាញ់​ប្រហារ​ដូច​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

រដ្ឋ​នីមួយៗ​មាន​ច្បាប់​កាំភ្លើង​ផ្សេងៗ​គ្នា និង​អាច​មាន​ដំណោះស្រាយ​ផ្សេង​គ្នា​នៅ​ក្នុង​ការ​សម្រេច​ថា​តើ​គួរ​អនុម័ត​ច្បាប់​ថ្មី​ស្ដី​ពី​ការ​គ្រប់គ្រង​កាំភ្លើង​ឬ​ក៏​អត់ និង​តាម​វិធី​ណា​នោះ។ រដ្ឋាភិបាល​សហព័ន្ធ​ក៏​អាច​ចាត់​វិធានការ​ផ្ទាល់​ខ្លួន​ផង​ដែរ​ចំពោះ​រឿង​នេះ។

គេ​ឃើញ​មាន​ការ​ជជែក​ដេញដោល​ខ្លាំងក្លា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយតប​ដោយ​សមរម្យ​ចំពោះ​ការ​រារាំង​មិន​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នៅ​តាម​សាលារៀន​ដូច​នេះ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ទៀត​នោះ។ ប៉ុន្តែ​ថា​តើ​សភា​នឹង​ចាត់​វិធានការ​បែប​ណា​ចំពោះ​ការ​បាញ់​សម្លាប់​ដូច​នេះ​គឺ​នៅ​តែ​ជា​ចម្ងល់​នៅ​ឡើយ។

ដោយសារតែ​ច្បាប់​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​បាន​ចារ​តម្កល់ទុក​អំពី​កម្មសិទ្ធិ​កាំភ្លើង សមាជិក​សភា​មិន​ចង់​ដាក់​តឹងតែង​លើ​ការ​គ្រប់គ្រង​អាវុធ​នោះ​ទេ សូម្បីតែ​នៅ​ក្នុង​ស្ថានការណ៍​ដែល​មាន​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​នានា​បាន​កើត​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក៏​ដោយ។

លោក ត្រាំ បាន​ស្នើ​ឲ្យ​គ្រូ​បង្រៀន​មួយ​ចំនួន​ដែល​មាន​ជំនាញ​ខាង​កាំភ្លើង​បំពាក់​កាំភ្លើង​នៅ​ជាប់​នឹង​ខ្លួន និង​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​គ្រូ​បង្រៀន​ទាំង​នោះ​ទៀត​ផង ដើម្បី​ត្រៀម​តតាំង​នឹង​អ្នក​បាញ់​ប្រហារ។ លោក​បាន​បន្ត​ថា លោក​ទុក​ឲ្យ​រដ្ឋ​នីមួយៗ​ជា​អ្នក​សម្រេច​លើ​រឿង​នេះ៕

XS
SM
MD
LG