ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងជាលើកដំបូងអំពីគំនិតនៃការពន្យារការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកា ដោយលោកបានចោទដោយមិនមានភស្តុតាងថា ការបោះឆ្នោតដោយផ្ញើសំបុត្រតាមប្រៃសណីយ៍ នឹងនាំឲ្យមានការបន្លំសន្លឹកឆ្នោតកាន់តែខ្លាំង។
លោកត្រាំបានសរសេរសារតាម Twitter កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ការបោះឆ្នោតផ្ញើរតាមប្រៃសនីយ៍ទូទាំងប្រទេស នឹងធ្វើឲ្យការបោះឆ្នោតឆ្នាំ២០២០នេះ ក្លាយជាការបោះឆ្នោតមិនត្រឹមត្រូវ និងក្លែងបន្លំបំផុតក្នុងប្រវត្តិសាស្ត្រ»។
លោកប្រធានាធិបតីដែលមកពីគណបក្សសាធារណរដ្ឋរូបនេះបានបន្ថែមថា៖ «វានឹងក្លាយជាភាពអាម៉ាស់ដ៏ធំធេងមួយសម្រាប់សហរដ្ឋអាមេរិក។ ពន្យារការបោះឆ្នោតនេះរហូតដល់ពលរដ្ឋអាចបោះឆ្នោតបានត្រឹមត្រូវ ដោយសន្តិសុខនិងសុវត្ថិភាព???»
លោកប្រធានាធិបតី មិនមានអំណាចប្តូរកាលបរិច្ឆេទការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទេ។ ថ្ងៃបោះឆ្នោតនេះ នឹងត្រូវកំណត់ដោយសភាជាតិ ក្រោមអំណាចរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
ទោះបីលោកត្រាំបានអះអាងពីការបន្លំនៅក្នុងការបោះឆ្នោតក្តី ក៏មកទល់នឹងពេលនេះ មិនមានភស្តុតាងអំពីការបន្លំជាទ្រង់ទ្រាយធំនៅក្នុងការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ទេ។ អ្នកជំនាញខាងសន្តិសុខការបោះឆ្នោតបន្តអះអាងថា ការបន្លំសន្លឹកឆ្នោតក្នុងទម្រង់ណាក៏ដោយ កម្រកើតឡើងនៅសហរដ្ឋអាមេរិក។
សារតាម Twitter របស់លោក Trump បាននាំឲ្យមានការថ្កោលពីមន្ត្រីនៃគណបក្សទាំងពីររបស់អាមេរិក។
លោក Ari Fleischer អតីតអ្នកនាំពាក្យសេតវិមានក្នុងរដ្ឋបាលលោកអតីតប្រធានាធិបតី George W. Bush ពីគណបក្សសាធារណរដ្ឋថ្លែងថា គ្មានអ្នកណាម្នាក់គួរលើកឡើងពីគំនិតនេះទេ ជាពិសេសប្រធានាធិបតី។ លោកថា ប្រសិនបើលោកជាប្រធានាធិបតីត្រាំវិញ «ខ្ញុំនឹងលុប tweet នេះឲ្យឆាប់»។
លោក Tom Udall សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ New Mexico ថ្លែងថា ការណ៍ដែលលោកប្រធានាធិបតីបានលើកឡើងអំពីគំនិតនេះ ជាការវាយប្រហារធ្ងន់ធ្ងរចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ។ លោកអំពាវនាវឲ្យសមាជិកសភា និងមន្ត្រីរដ្ឋបាលលោកត្រាំទាំងអស់ និយាយប្រឆាំងនឹងគំនិតនេះ។
ប្រវត្តិវិទូដែលសិក្សាអំពីប្រធានាធិបតី លោក Michael Beschloss បានសរសេរថាការពន្យារពេលការបោះឆ្នោត នឹងខុសច្បាប់អាមេរិក ដោយលោកថា៖ «នៅក្នុងប្រវត្តិសាស្ត្រអាមេរិក សូម្បីក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងសង្គ្រាមលោកលើកទី២ ក៏គេមិនដែលបានជោគជ័យ ក្នុងការពន្យារការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះទេ»៕