ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៥ លោក Donald J. Trump ដែលជាប្រធានាធិបតីទី ៣ ដែលត្រូវបានសភាកាត់ទោសចង់ដកហូតតំណែង តែត្រូវបានរកឃើញថាគ្មានទោសវិញនោះ កំពុងតែឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី ២ សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
លោក ត្រាំ បានចាប់ផ្តើមជាផ្លូវការនូវយុទ្ធនាការឈរឈ្មោះសម្រាប់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀត កាលពីខែមិថុនា ឆ្នាំ ២០១៩ ក្នុងទីក្រុង Orlando រដ្ឋ Florida ដោយបានបង្ហាញនូវពាក្យស្លោក «រក្សាសហរដ្ឋអាមេរិកឲ្យនៅអស្ចារ្យតទៅទៀត» ដែលមានលក្ខណៈខុសបន្តិចពីពាក្យស្លោកកាលពីឆ្នាំ ២០១៦ របស់លោក ដែលថា «ធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យឡើងវិញ»។ លោកបានថ្លែងប្រាប់ក្រុមអ្នកគាំទ្រលោកថា៖ «យើងធ្វើបានម្តងហើយ ហើយឥឡូវនេះយើងនឹងធ្វើឲ្យបានសម្រេចម្តងទៀត ហើយលើកនេះយើងនឹងបញ្ចប់កិច្ចការរបស់យើង»។
សមិទ្ធផលកន្លងមក
មុនពេលក្លាយជាប្រធានាធិបតី លោក ត្រាំ គឺជាអ្នកអភិវឌ្ឍអចលនទ្រព្យ និងជាតារាកម្មវិធីទូរទស្សន៍ឥតព្រាងទុកដ៏ល្បីឈ្មោះ និងមានរឿងចម្រូងចម្រាស។ ក្រោយពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យហរិញ្ញវត្ថុ Wharton នៃសាកលវិទ្យាល័យ Pennsylvania លោកបានចូលប្រឡូកក្នុងក្រុមហ៊ុនអចលនទ្រព្យរបស់គ្រួសារលោក ដោយបានពង្រីកឲ្យកាន់តែធំឡើង និងបានសាងសង់សណ្ឋាគារ កាស៊ីណូ និងកន្លែងវាយកូនហ្គោលនៅជុំវិញពិភពលោក។
ក្នុងអំឡុងដើមទសវត្សរ៍ ១៩៩០ លោក ត្រាំ ត្រូវដាក់ពាក្យក្ស័យធនមួយចំនួនពាក់ព័ន្ធនឹងអចលនទ្រព្យនៅក្នុងទីក្រុង Atlantic City និងទីក្រុង New York។ ក៏ប៉ុន្តែក្រោយមក លោកបានកសាងអាជីវកម្មរបស់លោកឡើងវិញ ហើយនៅឆ្នាំ ២០១៦ ទស្សនាវត្តី Forbes បានប៉ាន់ប្រមាណថា លោកមានធនធានគិតជាទឹកប្រាក់ចំនួន ៣ ពាន់ ៧ រយលានដុល្លារ។
នៅឆ្នាំ ២០០៤ លោក ត្រាំ បានក្លាយជាតារាល្បីឈ្មោះមួយរូបក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយសារការផលិតនិងការដើរតួក្នុងកម្មវិធីទូរទស្សន៍ឥតព្រាងទុកមួយឈ្មោះ «The Apprentice” ដែលល្បីល្បាញនៅក្នុងស្ថានីយទូរទស្សន៍ NBC។ លោកបានចាកចេញពីកម្មវិធីនោះកាលពីឆ្នាំ ២០១៥ ដើម្បីឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក។
អាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ
ក្នុងអំឡុងពេលកាន់តំណែងរបស់លោក ៣ ឆ្នាំកន្លះកន្លងមកនេះ លោកប្រធានាធិបតី ត្រាំ បានអនុម័តច្បាប់កែទម្រង់ពន្ធដារយ៉ាងសំខាន់មួយ បានកាត់បន្ថយចំនួនកងទ័ពអាមេរិកាំងនៅក្នុងប្រទេសស៊ីរី ហើយបានទទួលជោគជ័យក្នុងការតែងតាំងចៅក្រមអភិរក្សនិយម ២ រូប គឺលោក Neil Gorsuch និងលោក Brett Kavanaugh ឲ្យបំពេញតំណែងជាចៅក្រមតុលាការកំពូលដែលនៅទំនេរ ក្នុងតុលាការកំពូលដែលមានសមាជិក ៩ នាក់។ លោកថែមទាំងបានទទួលជោគជ័យក្នុងការតែងតាំងចៅក្រមជិត ២០០ នាក់ផ្សេងទៀត ឲ្យកាន់តំណែងក្នុងតុលាការសហព័ន្ធថ្នាក់ទាបផ្សេងទៀតផងដែរ។
លោក ត្រាំ បានជំរុញឲ្យមានគោលនយោបាយបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ រួមទាំងការទទួលបានការអនុម័តពីសភានូវថវិកាចំនួន ជិត ១.៤០០ លានដុល្លារ សម្រាប់យកទៅសាងសង់ជញ្ជាំងតាមព្រំដែន ទោះជាតិចជាងចំនួនដែលលោកចង់បានយ៉ាងច្រើនក៏ដោយ ហើយលោកថែមទាំងបានប្រកាសដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ដើម្បីអាចប្រើប្រាស់ថវិកាចំនួន ៣.៦០០ លានដុល្លារបន្ថែមទៀត សម្រាប់យកទៅសង់ជញ្ជាំងព្រំដែនផងដែរ។
លោកប្រធានាធិបតី ត្រាំ បានធ្វើតាមការសន្យាពេលធ្វើយុទ្ធនាការរកសំឡេងឆ្នោត ដែលថាលោកនឹងកាត់បន្ថយវិន័យរដ្ឋាភិបាល ហើយលុបចោលច្បាប់ថែទាំសុខភាពរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលគេនិយមហៅថា Obamacare នោះ។ ទោះជានៅគ្រាដែលពលរដ្ឋអាមេរិកាំងរាប់លាននាក់បាត់បង់ការងារធ្វើ និងបាត់បង់ការធានារ៉ាប់រងសុខភាព នៅពេលដែលជំងឺកូវីដ១៩ កំពុងឆ្លងរាតត្បាតនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំនេះក៏ដោយ ក៏លោក ត្រាំ នៅតែស្នើសុំឲ្យតុលាការកំពូលលុបចោលច្បាប់នោះទាំងស្រុងផងដែរ។
លោក ត្រាំ តែងតែសម្តែងនូវការមិនពេញចិត្តរបស់លោកចំពោះគោលនយោបាយរបស់លោក អូបាម៉ា ដែលជាប្រធានាធិបតីកាន់តំណែងមុនលោក និងដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកតែម្នាក់គត់កន្លងមក ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក។
ក្នុងរយៈពេល ៣ ឆ្នាំ លោក ត្រាំ កាន់តំណែងគ្រាដែលសហរដ្ឋអាមេរិកកំពុងតែជួបប្រទះនឹងការរីកចម្រើនសេដ្ឋកិច្ច។ អត្រាអ្នកអត់ការងារធ្វើបានធ្លាក់មកនៅត្រឹម ៣,៥% ដែលជាកម្រិតទាបបំផុតសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់ក្នុងពិភពលោកនេះ ក្នុងពេល ៥០ ឆ្នាំកន្លងមកនេះ។ ក៏ប៉ុន្តែភាពជោគជ័យនេះបានបញ្ចប់ដោយឥតព្រាងទុក នៅពេលដែលការឆ្លងរាតត្បាតវីរុសកូរ៉ូណា បានរាលដាលចេញពីប្រទេសចិនដល់ពិភពលោកទាំងមូលនៅដើមឆ្នាំ ២០២០។ លោក ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតនូវមន្ទិលសង្ស័យអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះ និងអំពីផលប៉ះពាល់នៃជំងឺនេះលើសហរដ្ឋអាមេរិក។
កាលពីចុងខែកុម្ភៈ លោក ត្រាំ បានទស្សន៍ទាយនៅក្នុងឃ្លីបវីដេអូមួយ ដែលបណ្តាញផ្សាយព័ត៌មានយកទៅចាក់ផ្សាយឡើងវិញជាញឹកញយ ថា៖ «វីរុសនេះនឹងបាត់ទៅវិញទាំងស្រុងនៅថ្ងៃណាមួយជាមិនខាន»។
ផ្ទុយទៅវិញ វីរុសនេះបានរាលដាលគ្រប់ ៥០ រដ្ឋ នៅក្នុងសហរដ្ឋអាមេរិក ហើយបាននាំឲ្យមានការគាំងដំណើរយ៉ាងធ្ងន់ធ្ងរ។ មិនយូរប៉ុន្មានក្រោយមក ប្រទេសជាតិទាំងមូលបានជួបប្រទះនូវមហន្តរាយសេដ្ឋកិច្ច។ មនុស្សជាង ៤៨ លាននាក់បាត់បង់ការងារធ្វើ ដែលស្មើនឹងកម្លាំងពលកម្មសហរដ្ឋអាមេរិកជាង ២៥% ស្របពេលដែលបណ្តាអភិបាលរដ្ឋនានាបានបញ្ជាឲ្យបិទអាជីវកម្មផ្សេងៗដើម្បីទប់ស្កាត់ការរាលដាលវីរុសនេះ។
សាលារៀន និងសាកលវិទ្យាល័យនានាបានបិទទ្វារ ហើយកូនសិស្ស និងនិស្សិតនាំគ្នារៀនតាមអនឡាញពីផ្ទះ។ ក្រុមកីឡានាំគ្នាឈប់ប្រកួតកីឡា ចំណែកឯមន្ទីរពេទ្យបានពន្យារពេលនៃការវះកាត់ដែលមិនចាំបាច់ ហើយភោជនីយដ្ឋានបើកលក់ម្ហូបសម្រាប់យកទៅញ៉ាំនៅផ្ទះតែប៉ុណ្ណោះ ពីព្រោះមានការហាមមិនឲ្យអតិថិជនអង្គុយញាំក្នុងហាងភាគច្រើនបំផុតនៅសហរដ្ឋអាមេរិក។
លោក ត្រាំ បានធ្វើសន្និសីទកាសែតប្រចាំថ្ងៃអំពីវីរុសកូរ៉ូណាអស់ពេលរាប់សប្តាហ៍ ប៉ុន្តែលោកតែងមើលស្រាលចំពោះភាពធ្ងន់ធ្ងរនៃវីរុសនេះ ដោយហាក់ដូចជាខ្លាចថា ការទទួលស្គាល់អំពីភាពធ្ងន់ធ្ងរនៃវីរុសនេះនឹងនាំឲ្យប៉ះពាល់ដល់ឱកាសជាប់ឆ្នោតឡើងវិញរបស់លោកនៅថ្ងៃបោះឆ្នោតទី ៣ ខែវិច្ឆិកាខាងមុខដូច្នេះ។
លោកបានសន្យាម្ដងហើយម្ដងទៀតថា នឹងមានថ្នាំវ៉ាក់សាំងការពារវីរុសនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខ ទោះជាក្រុមអ្នកជំនាញខាងសុខាភិបាលបានបញ្ជាក់ថា ថ្នាំវ៉ាក់សាំងនេះនឹងមិនអាចទៅរួចនៅមុនដើមឆ្នាំ ២០២១ ក៏ដោយ។
ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺកូវីដ១៩ បានកើនជាបន្តបន្ទាប់ពីមួយសប្ដាហ៍ទៅមួយសប្តាហ៍ដល់ចំនួនជាង ១៤៣.០០០ នាក់ ហើយចំនួនអ្នកឆ្លងវីរុសនេះបានកើនដល់ជិត ៤ លាននាក់គិតត្រឹមថ្ងៃទី ២៣ ខែកក្កដា ដែលជាចំនួនច្រើនជាងប្រទេសនានាទាំងអស់នៅលើពិភពលោក។
ក្រុមអ្នកជំនាញខាងសុខភាពបានទស្សន៍ទាយថា ពលរដ្ឋអាមេរិកាំងរាប់ម៉ឺននាក់នឹងស្លាប់ថែមទៀត ដោយសារជំងឺកូវីដ១៩ នៅអំឡុងពេលប៉ុន្មានខែខាងមុខនេះ។ គ្រាដែលមានការកើនឡើងនូវករណីឆ្លងនៅតាមបណ្តារដ្ឋភាគខាងជើងនោះ ការឆ្លងរាលដាលថ្មីបានកើតឡើងនៅតាមបណ្តារដ្ឋភាគខាងត្បូង ដែលបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ហើយបន្ទាប់មកត្រូវបញ្ជាឲ្យរង្គសាល និងហាងជំនួញខ្លះបិទជាថ្មីម្តងទៀត។
អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនដល់ ១៤,៧% នៅខែមេសា ហើយក្រោយមកបានថយចុះមកនៅត្រឹម ១១,១% វិញនៅខែមិថុនា នៅពេលដែលសេដ្ឋកិច្ចបានបន្ថែមការងារជិត ៥ លានថែមទៀត។ លោក ត្រាំ បានកោតសរសើរខ្លួនឯង ដោយថ្លែងថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើងវិញនៅពាក់កណ្ដាលចុងក្រោយនៃឆ្នាំ ២០២០ នេះ និង នៅឆ្នាំ ២០២១។
ខណៈដែលវីរុសកូរ៉ូណាបានឆ្លងរាលដាលពាសពេញសហរដ្ឋអាមេរិក លោក ត្រាំ ត្រូវបង្ខំខ្លួនដោះស្រាយបញ្ហាប្រឆាំងតវ៉ាជាច្រើន ដែលពេលខ្លះជាការតវ៉ាមានអំពើហិង្សាផងនោះ នៅទូទាំងប្រទេស បន្ទាប់ពីលោក George Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានស្លាប់ ក្រោយពីប៉ូលិសស្បែកសម្នាក់ប្រើជង្គង់សង្កត់ពីលើកនៅលើផ្លូវមួយក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីថ្ងៃទី ២៥ ខែឧសភាមក។
លោក ត្រាំ បានបញ្ជូនសារចម្រុះមួយអំពីការប៉ះបោរ ដែលបានកើតឡើងក្រោយមក ដោយសម្តែងនូវការគាំទ្រពួកបាតុករដោយសន្តិវិធី ក៏ប៉ុន្តែលោកក៏បានថ្លែងផងដែរថា ការស្រែកតាមផ្លូវដែលថា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» នោះ គឺជា «សញ្ញានៃការស្អប់គុំកួន»។ លោកបានបង្ហាញការគាំទ្រចំពោះឃ្លីបវីដេអូមួយរបស់អ្នកគាំទ្រលោកម្នាក់ ដែលបានស្រែកថា៖ «ជនស្បែកសមានអំណាច» ប៉ុន្តែលោកបានលុបឃ្លីបវីដេអូនោះចេញពីគណនី Twitter របស់លោកវិញ បន្ទាប់ពីអ្នករិះគន់បានថ្កោលទោសលោក ហើយនៅពេលនោះដែរ ពួកជំនួយការរបស់លោកបាននិយាយថា លោកមិនបានឮសម្តីប្រកាន់ពូជសាសន៍នោះទេ។
ស្របពេលសហរដ្ឋអាមេរិកអបអរសាទរខួបទី ២៤៤ នៃទិវាឯករាជ្យរបស់ខ្លួនកាលពីថ្ងៃទី ៤ ខែកក្កដា លោក ត្រាំ បានរិៈគន់ក្រុមបាតុករទាមទារយុត្តិធម៌ជាតិសាសន៍ថា តំណាងឲ្យអំពើអាក្រក់ សម្រាប់ពួកហ្វាស៊ីសឆ្វេងនិយមជ្រុលជំនាន់ថ្មី ដែលគោលដៅចម្បងរបស់ក្រុមនេះ គឺដើម្បី «បញ្ចប់សហរដ្ឋអាមេរិក»។
ព្រឹត្តការណ៍មួយចំនួនដែលបានកើតឡើងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ នេះ បាននាំឲ្យអនាគតនយោបាយរបស់លោក ត្រាំ មានភាពមិនច្បាស់លាស់ ដោយការស្ទង់មតិទូទាំងប្រទេសជាច្រើនបានបង្ហាញថា លោកមានការគាំទ្រតិចជាងលោកអតីតអនុប្រធានាធិបតី ចូ បាយដឹន ប្រហែល ៩% គឺក្នុងពេលមិនដល់ ៤ ខែទៀតប៉ុណ្ណោះមុនការបោះឆ្នោតចូលមកដល់នៅខែវិច្ឆិកាខាងមុខ។
ប៉ុន្តែក្នុងពេល ៤០ ឆ្នាំកន្លងមកនេះ មានប្រធានាធិបតីសហរដ្ឋអាមេរិកតែ ២ រូបប៉ុណ្ណោះ ដែលចាញ់ឆ្នោតមិនបានកាន់តំណែងក្នុងអណត្តិទី ២ ហើយក្រុមអ្នកគាំទ្រលោក ត្រាំ បានកត់សម្គាល់ថា លោកធ្លាប់បានចាញ់ក្នុងការស្ទង់មតិមុនការបោះឆ្នោតកាលពីឆ្នាំ ២០១៦ តែបែរជាបានឈ្នះដោយមិនបានរំពឹងទុកលើអតីតរដ្ឋមន្ត្រីការបរទេសអ្នកស្រី ហ៊ីល្លឺរី ឃ្លីនតុន។
គោលនយោបាយការបរទេស
គោលនយោបាយការបរទេសរបស់លោក ត្រាំ ត្រូវបានកំណត់ដោយរបៀបវារៈ «ផ្តល់អាទិភាពដល់សហរដ្ឋអាមេរិកមុនគេបង្អស់ (America First)» របស់លោក។
លោកប្រធានាធិបតី ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួន ដូចជាកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅកាត់ថា TPP កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបរិស្ថាន និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាដើម។
ក្នុងវិស័យពាណិជ្ជកម្ម លោក ត្រាំ បានបំពេញតាមការប្ដេជ្ញាមួយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដែលនោះគឺការចចារឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ទ្វីបអាមេរិកខាងជើងដែលហៅកាត់ថា NAFTA ជាមួយប្រទេសកាណាដា និងម៉ិកស៊ិក ហើយស្របពេលជាមួយគ្នានោះដែរ លោកបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។
លោក ត្រាំ បានចោទសួរម្តងហើយម្តងទៀតអំពីចំនួនថវិកាដែលសហរដ្ឋអាមេរិកចំណាយដើម្បីការពារប្រទេសឯទៀត ហើយលោកបានរិៈគន់ជាសាធារណៈលើអង្គការអូតង់ ដែលជាសម្ព័ន្ធភាពយោធារបស់បស្ចិមប្រទេសដែលបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី ២។
លោក ត្រាំ មានទំនាក់ទំនងដែលមានលក្ខណៈងាយប្រែប្រួលជាមួយមេដឹកនាំបរទេសជាច្រើន ដែលក្នុងនោះរួមមានមេដឹកនាំនៃប្រទេសដែលជាសម័្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកជាយូរមកហើយផងដែរ ដូចជាលោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ និងលោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំងជាដើម។ ក៏ប៉ុន្តែលោកបានឱបក្រសោបមេដឹកនាំនៃប្រទេសខ្លះដែលជាសត្រូវរបស់សហរដ្ឋអាមេរិកក្នុងប្រវត្តិសាស្ត្រ ដូចជាលោកប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ី និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជាដើម។ លោក ត្រាំ បានហៅលោក Kim Jong Un ថា «បុរសរ៉ុក្កែតមាឌល្អិត» ប៉ុន្តែក្រោយមក បានជួបជាមួយលោក Kim Jong Un ចំនួន ៣ លើក ហើយបានប្រកាសថា «យើងមានទំនាក់ទំនងល្អប្រសើរណាស់»។
ការប្រឈមក្នុងអាណត្តិជាប្រធានាធិបតី
ក្រៅពីវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០ នេះ លោក ត្រាំ បានជួបប្រទះនឹងការប្រឈមធំៗមួយចំនួនទៀតក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលក្នុងនោះមានដូចជា ការស៊ើបអង្កេតដើម្បីដកហូតតំណែងរបស់លោក ដែលបានចាប់ផ្ដើមដោយគណបក្សប្រជាធិបតេយ្យ ដោយបានចោទប្រកាន់លោកថា បានស្នើសុំការជួយជ្រោមជ្រែងពីប្រទេសអ៊ុយក្រែន ដើម្បីជីកកកាយរកព័ត៌មានទាក់ទងនឹងលោកអតីតអនុប្រធានាធិបតី ចូ បាយដឹន និង កូនប្រុសរបស់លោក បាយដឹន គឺលោក ហាន់ធើ បាយដឹន ដែលអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពរបស់លោក បាយដឹន ក្នុងការប្រជែងជាមួយលោកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោកនៅចុងឆ្នាំ ២០១៩ ប៉ុន្តែព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានរកឃើញថាលោកគ្មានទោសនៅដើមឆ្នាំ ២០២០ ដោយក្នុងនោះមានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតែម្នាក់ប៉ុណ្ណោះ ដែលបានបោះឆ្នោតថាលោកមានទោស ហើយចង់ដកលោកចេញពីតំណែងជាប្រធានាធិបតី
ជាងនេះទៀត លោក ត្រាំ បានប្រឈមនឹងការស៊ើបអង្កេតអស់រយៈពេលជិត ២ ឆ្នាំ ដែលដឹកនាំដោយលោករដ្ឋអាជ្ញាពិសេស Robert Mueller ដែលបានស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦។ របាយការណ៍ទីបញ្ចប់របស់លោក Mueller បានរកឃើញថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ មិនបានផ្សំគំនិតជាមួយរុស្ស៊ី ដើម្បីធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។ ក៏ប៉ុន្តែ ការស៊ើបអង្កេតនោះមិនបានសន្មតថាតើលោក ត្រាំ គួរឬមិនគួរត្រូវបានចោទប្រកាន់ពីបទរារាំងដំណើរការស៊ើបអង្កេតនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមានទម្លាប់ជាយូរអង្វែងមកហើយ ដែលថា ប្រធានាធិបតីដែលកំពុងកាន់តំណែងមិនអាចត្រូវបានចោទប្រកាន់អំពីបទឧក្រិដ្ឋនោះទេ៕
ប្រែសម្រួលដោយ លោក ប៉ូច រាសី