លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានច្រានចោលសេចក្តីរាយការណ៍ថ្មីកាលពីថ្ងៃចន្ទទៅលើការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍កណ្តាលសហរដ្ឋអាមេរិក CIA ដែលថាប្រទេសរុស្ស៊ីបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីដើម្បីជួយលោកឲ្យឈ្នះការបោះឆ្នោត។
លោក ត្រាំ បានចោទសួរថា តើហេតុអ្វីបានជាការអះអាងនេះមិនត្រូវបានគេធ្វើមុនការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។
នៅក្នុងអត្ថាធិប្បាយតាមប្រព័ន្ធ Twitter លោក ត្រាំ បានអះអាងថា ប្រសិនបើលោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានឈ្នះឆ្នោតប្រធានាធិបតីវិញហើយពួកគណបក្សសាធារណរដ្ឋព្យាយាមលេងសន្លឹកបៀរុស្ស៊ីនិង CIA វិញ គេនឹងហៅថាទ្រឹស្តីឃុបឃិតគ្នាមិនខាន។
ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ និយាយបន្តទៀតថា៖ «ប្រសិនបើលោកអ្នកមិនអាចចាប់អ្នកលួចចូលក្នុងប្រព័ន្ធកំព្យូទ័របាន វាមានការលំបាកនៅក្នុងការសម្រេចថាតើនរណាបានលួចចូលក្នុងប្រព័ន្ធកំព្យូទ័រនោះ។ តើហេតុអ្វីបានជាគេមិនលើកឡើងបញ្ហានេះមុនពេលបោះឆ្នោត»។
លោក Jason Miller អ្នកនាំពាក្យរបស់លោក ត្រាំ បានហៅការសន្និដ្ឋានរបស់ទីភ្នាក់ងារ CIA ថាជាការប៉ុនប៉ងធ្វើឲ្យជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ជាការខុសច្បាប់។
កំណត់សម្គាល់កាលពីពេលថ្មីៗនេះរបស់លោក ត្រាំ បានកើតមានឡើងបន្ទាប់ពីលោកបានប្រាប់បណ្តាញទូរទស្សន៍ Fox News នៅក្នុងកិច្ចសម្ភាសន៍ដែលបានផ្សាយកាលពីថ្ងៃអាទិត្យថា «ការសន្និដ្ឋានរបស់ទីភ្នាក់ងារ CIA អំពីការវាយប្រហារតាមប្រព័ន្ធកំព្យូទ័ររបស់រុស្ស៊ីជំរុញឲ្យលោកមានឱកាសឈ្នះឆ្នោតជាការគួរឲ្យអស់សំណើច»ហើយលោកបានហៅការលើកឡើងដូច្នេះនេះជាការដោះសាររបស់ពួកគណបក្សប្រជាធិបតេយ្យចំពោះជ័យជម្នះដ៏គួឲ្យភ្ញាក់ផ្អើលលើលោកស្រី គ្លីនតុន ដែលជាអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក៕