រដ្ឋាភិបាលចិនបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងអំពីមតិលើកឡើងដោយលោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump អំពីថាតើសហរដ្ឋអាមេរិកគួរបន្តគោលនយោបាយទទួលស្គាល់ចិនតែមួយ ដរាបណារដ្ឋាភិបាលចិនផ្ដល់សម្បទានពាណិជ្ជកម្ម ឬក៏យ៉ាងណានោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងប្រទេសចិន នៅក្នុងឆ្នាំ ១៩៧៩ សហរដ្ឋអាមេរិកបានទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំង ថាជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន ដោយក្នុងនោះ បានទទួលស្គាល់គោលជំហរចិនតែមួយ ហើយតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា គោលនយោបាយនេះ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន និងបានជំរុញឲ្យរដ្ឋបាលរបស់លោក Trump «ស្វែងយល់ឲ្យបានហ្មត់ចត់» ចំពោះបញ្ហានេះ។
កាសែតរដ្ឋចិន Global Times បានបញ្ជាក់ថា លោក Trump «ខ្វះការពិចារណា» ដែលគិតថា លោកអាចប្រើប្រាស់គោលនយោបាយតៃវ៉ាន់នេះ ដើម្បីជះឥទ្ធិពលដល់ការចរចាសេដ្ឋកិច្ច ហើយថា លោក Trump «ចាំបាច់ត្រូវរៀនដោះស្រាយបញ្ហាកិច្ចការបរទេសឲ្យបានសមរម្យ»។
កាសែតនេះក៏បានបញ្ជាក់ផងដែរថា ប្រសិនបើលោក Trump គាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ឬក៏គាំទ្រការលក់អាវុធដល់តៃវ៉ាន់ ប្រទេសចិន «នឹងមិនមានហេតុផលណាមួយ ដើម្បីធ្វើជាដៃគូជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លើកិច្ចការអន្តរជាតិនោះទេ» ហើយប្រទេសចិនអាចផ្ដល់ការគាំទ្រផ្នែកយោធា និងការគាំទ្រផ្សេងៗទៀតដល់គូរបដិបក្ខរបស់សហរដ្ឋអាមេរិក៕