ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និយាយថា ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ដែលថា រុស្ស៊ីជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែមុន ដើម្បីបង្កើនឱកាសឲ្យលោកទទួលបានជ័យជម្នះ គឺជារឿងមួយ«ដែលគួរឲ្យអស់សំណើច»។
លោក ត្រាំ បានហៅការសន្និដ្ឋាននោះថា «គ្រាន់តែលេសមួយទៀត»របស់សមាជិកគណបក្សប្រជាធិបតេយ្យ ចំពោះការដែលលោកយកឈ្នះលើអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន តែប៉ុណ្ណោះ។
លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំមិនជឿលើរឿងនេះនោះទេ។ ប្រសិនបើអ្នកពិនិត្យមើលទៅលើអ្វីដែលទីភ្នាក់ងារ CIA បាននិយាយ មានរឿងយល់ច្រឡំជាច្រើនបង្កប់ក្នុងនោះ។ គ្មាននរណាម្នាក់ដឹងច្បាស់នោះទេ។ ពួកគេមិនដឹងទេថា ជាប្រទេសរុស្ស៊ី ឬចិន ឬនរណាម្នាក់នោះ។ វាអាចជានរណាម្នាក់ផ្សេង»។
លោក ត្រាំ បានថ្លែងប្រាប់ទូរទស្សន៍ Fox News ថា លោកមិនប្រឆាំងនឹងបញ្ជារបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឲ្យពិនិត្យទៅលើការលួចមើលព័ត៌មានក្នុងកុំព្យូទ័រ ដែលទីភ្នាក់ងារ CIA បានសន្និដ្ឋានថា ជាស្នាដៃរបស់រុស្ស៊ីក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតដែលមានរយៈពេលវែងនោះទេ ប៉ុន្តែលោកបាននិយាយថា៖ «អ្នកមិនគួរនិយាយថាជាប្រទេសរុស្ស៊ីនោះទេ។ អ្នកគួរតែនិយាយថា ប្រទេសផ្សេងទៀត ឬក៏អាចត្រឹមជាបុគ្គល»។
ទីភ្នាក់ងារ CIA បាននិយាយថា «ខ្លួនមានជំនឿមុតមាំថា» រុស្ស៊ីបានស្វះស្វែងជួយឲ្យលោក Trump ឈ្នះ៕